ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​-​ចិន យល់ព្រម​បន្ត​ជើងហោះហើរ​ត្រង់​ឡើង​វិញ និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម

2 ម៉ោង មុន

ប្រទេស​ឥណ្ឌា​-​ចិន ៖ ប្រទេស​ឥណ្ឌា និង​ចិន កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ បាន​ព្រមព្រៀង​គ្នា ដើម្បី​បើក​ជើងហោះហើរ​ត្រង់​ឡើង​វិញ និង​បង្កើន​លំហូរ​ពាណិជ្ជកម្ម…

ប្រទេស​ឥណ្ឌា​-​ចិន ៖ ប្រទេស​ឥណ្ឌា និង​ចិន កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ បាន​ព្រមព្រៀង​គ្នា ដើម្បី​បើក​ជើងហោះហើរ​ត្រង់​ឡើង​វិញ និង​បង្កើន​លំហូរ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​វិនិយោគ ខណៈ​ប្រទេស​ជិតខាង​ទាំង​ពីរ​សម្រេចចិត្ត​កសាង​ទំនាក់ទំនង​គ្នា​ឡើង​វិញ​ដែល​បាន​ខូចខាត​ដោយ​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កាលពី​ឆ្នាំ​២០២០​។

យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ប្រទេស​យក្ស​នៅ​អាស៊ី​ទាំង​ពីរ​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ប្រយ័ត្នប្រយែង​ឡើង​វិញ ប្រឆាំង​នឹង​គោលនយោបាយ​ការ​បរទេស​មិន​អាច​ទាយ​ទុកជា​មុន​បាន​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដោយ​ចាប់ផ្តើម​ពី​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​។

ក្រសួងការបរទេស​ឥណ្ឌា​បានឱ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ជើងហោះហើរ​ត្រង់​ឡើង​វិញ ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ រួម​ទាំង​ការ​បើក​ពាណិជ្ជកម្ម​តាម​ព្រំដែន​ឡើង​វិញ​នៅ​ចំណុច​ដែល​បាន​កំណត់​ចំនួន ៣ និង​សម្រួល​ទិដ្ឋាការ​ដល់​អ្នកដំណើរ​ផង​ដែរ​។ ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ឆ្នាំ​២០២០​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កាលបរិច្ឆេទ​ផ្លូវការ​សម្រាប់​ការ​ដំណើរការ​ឡើង​វិញ​ទាំង​ជើងហោះហើរ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​។

សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​ពី​ក្រសួងការបរទេស​ឥណ្ឌា​បាន​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) ទៅ​កាន់​ទីក្រុង​ញូ​ដេ​លី (New Delhi) សម្រាប់​កិច្ច​ពិភាក្សា​លើក​ទី​២៤ ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា (NSA) លោក Ajit Doval ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន រាប់​ទសវត្សរ៍​របស់​ប្រទេស​ទាំង​ពីរ​។ ក្រសួង​ឥណ្ឌា​បាន​បញ្ជាក់​ថា ការ​ចរចា​ព្រំដែន​បាន​គ្របដណ្តប់​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ដកទ័ព​ដែល​ប្រទេស​ទាំង​ពីរ​បាន​ដាក់​នៅ​ព្រំដែន​ហិ​ម៉ា​ឡៃ​យ៉ា​ន ក៏​ដូច​ជា ការ​កំណត់ព្រំដែន និង​កិច្ចការ​ព្រំដែន​រួម​គ្នា​។

ចំណែក​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ទី​២០ ខែសីហា បាន​បង្ហាញ​ថា ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិគ្រោះ​យោបល់ និង​សម្របសម្រួល​កិច្ចការ​ព្រំដែន ជំរុញ​ការ​ចរចារ​បោះបង្គោល​ព្រំដែន​។ យន្តការ​នេះ នឹង​ពង្រីក​កិច្ច​ពិភាក្សា​ដើម្បី​គ្របដណ្តប់​ផ្នែក​ខាងកើត និង​កណ្តាល​នៃ​ព្រំដែន​។ ទន្ទឹម​នឹង​នោះ ការ​ចរចា​មួយ​ផ្សេង​ទៀត ស្តី​ពី​ផ្នែក​ខាងលិច​នឹង​ត្រូវធ្វើ​ឡើង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​។ រដ្ឋាភិបាល​ចិន​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​ជួប​ពិភាក្សា​គ្នា​ម្តងទៀត នៅ​ក្នុង​ប្រទេស​ចិន​នា​ឆ្នាំ​ក្រោយ​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម X បន្ទាប់​ពី​បាន​ជួប​លោក វ៉ាង យី ដូច្នេះ​ថា «​ទំនាក់ទំនង​ស្ថិរភាព អាច​ព្យាករណ៍​បាន និង​ស្ថាបនា​រវាង​ឥណ្ឌា និង​ចិន នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក​»​។

លោក ម៉ូ​ឌី ក៏​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ចុងខែ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ជាង​៧​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ