រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដោះយកម៉ូតូចេញពីកន្ទុយរ៉ឺម៉កបានគ្រឿង រួចជិះយកទៅទុកនៅចំណុចផ្ទះជួលមួយកន្លែង ដែលមានលក់អីវាន់ បន្ទាប់មកបានបើកធុងទឹកកកដើម្បីលួចយកទឹកសុទ្ធ និងភេសជ្ជៈផឹក ប៉ុន្តែត្រូវម្ចាស់ផ្ទះឃើញទាន់ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ។ ខណៈនោះជនសង្ស័យខឹងណាស់ ក៏បានរត់គេចខ្លួនចូលទៅក្នុងភូមិ ហើយម្ចាស់ផ្ទះខាងលើក៏បានដេញតាមដែរ ប៉ុន្តែដេញអត់ទាន់ឡើយ លុះមួយសន្ទុះក្រោយមក ជនសង្ស័យលួចបានម៉ូតូ១គ្រឿងទៀត ។ បន្ទាប់មកបានជិះដេញបុកម្ចាស់ផ្ទះជួលខាងលើ ដែលកំពុងដើរត្រឡប់មកផ្ទះវិញ ប៉ុន្តែអ្នកភូមិឃើញស្រែកប្រាប់ឲ្យម្ចាស់ផ្ទះនោះគេចចេញទាន់ ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន វាយទ្រមខ្លួន រួចទើបប្រគល់ឲ្យនគរបាលសួរនាំ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះឈ្មោះគា ចាន់ថៃ អាយុ៣៥ឆ្នាំ មុខរបរនិងការស្នាក់នៅមិនពិតប្រាកដនោះទេ ដើរគ្មានគោលដៅឡើយ យប់ត្រង់ណាដេកត្រង់នោះ ។
ជនសង្ស័យរូបនេះ លួចបានម៉ូតូ២គ្រឿង ហើយត្រូវបានដកហូតយកមកវិញ ក្នុងនោះរួមមាន១គ្រឿងម៉ាកយ៉ាម៉ាហាសុីរូស ពណ៍ប្រផេះ អត់ស្លាកលេខ គឺជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះដែន មីល អាយុ៣២ឆ្នាំ មុខរបរនគរបាល ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូ១គ្រឿងទៀតម៉ាកHonda ZOOMER-X ពណ៍សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GZ-8100 គឺជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ែន វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ដោយឡែកបុរសម្ចាស់ផ្ទះជួលដែលត្រូវជនសង្ស័យខាងលើខឹង រួចជិះម៉ូតូដេញបុកនោះឈ្មោះង៉ុក ស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ។
ប្រជាពលរដ្ឋបាននិយាយថា នៅវេលាព្រឹកកើតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូម៉ាកយ៉ាម៉ាហាសុីរូស១គ្រឿងខាងលើ ចេញពីចំណុចផ្ទះជួលស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកបានជិះយកទៅទុកនៅចំណុចផ្ទះជួលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយផ្ទះជួលនេះក៏មានលក់អីវាន់និងភេសជ្ជៈមួយចំនូនផងដែរ ។
ប្រជាពលរដ្ឋដដែលបាននិយាយបន្តទៀតថា អ្នកស្នាក់នៅផ្ទះជួលខាងលើមិនធ្លាប់បានស្គាល់ជនសង្ស័យនោះឡើយ ហើយខណៈម្ចាស់ផ្ទះជួលបើកទ្វារលក់ដូរនិងឲ្យកម្មករដែលជួលផ្ទះនោះស្នាក់នៅចេញទៅធ្វើការ ស្រាប់តែជនសង្ស័យបើកធុងទឹកកកលួចយកទឹកសុទ្ធនិងភេសជ្ជៈផឹក ។ ប៉ុន្តែត្រូវបានបុរសជាម្ចាស់ផ្ទះឃើញទាន់ ស្រែកសួរថា«ប្អូនឯងនៅឯណា ហើយមកពីណា? ជនសង្ស័យឆ្លើយថាខ្ញុំស្រែកទឹកពេករកទឹកផឹក ម្ចាស់ផ្ទះជួលក៏សួរទៅអ្នកជួលផ្ទះថាស្គាល់ជននេះទេ អ្នកជួលផ្ទះឆ្លើយថាអត់ស្គាល់ទេ» ខណៈនោះជនសង្ស័យក៏បានរត់គេចខ្លួនចូលទៅក្នុងភូមិ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ភ្លាមៗនោះម្ចាស់ផ្ទះក៏បានដេញតាមដែរ ប៉ុន្តែដេញមិនទាន់ឡើយ រួចក៏ដើរបកក្រោយទៅផ្ទះវិញ ចំណែកជនសង្ស័យបានទៅលួចម៉ូតូអ្នកភូមិខាងលើបាន១គ្រឿងទៀតម៉ាកHonda ZOOMER-X រួចជិះសំដៅទៅបុកម្ចាស់ផ្ទះជួលដែលកំពុងដើរទៅផ្ទះនោះ ។ ប៉ុន្តែត្រូវបានអ្នកភូមិឃើញស្រែកប្រាប់ម្ចាស់ផ្ទះនោះឲ្យគេចចេញទាន់ ហើយជនសង្ស័យក៏ដួលម៉ូតូ ទើបអ្នកភូមិចាប់បាននាំគ្នាវាយទាត់ធាត់ម្នាក់១ដៃ១ជើងទ្រមខ្លួន រួចទើបប្រគល់ឲ្យនគរបាល ប៉ុស្តិ៍កាកាបទី២នាំទៅសាកសួរ ។
មន្ត្រីនគរបាលដែលជាម្ចាស់ម៉ូតូម៉ាកយ៉ាម៉ាហាសុីរូស បាននិយាយថា នៅវេលាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គាត់បានទុកម៉ូតូសណ្ដោងរ៉ឺម៉ករ៉ឺម៉ក១គ្រឿងម៉ាកយ៉ាម៉ាហាសុីរូស នៅក្បែរបន្ទប់ជួលដែលគាត់ស្នាក់នៅ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកគាត់បានចូលដេកក្នុងបន្ទប់ ហើយបានដេកលក់ រហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ទើបអ្នកស្នាក់នៅបន្ទប់ជួលជិតគ្នាប្រាប់ថា ម៉ូតូគាត់ចោរលួចបាត់ហើយ ក៏មានការភ្ញាក់ផ្អើលតែម្ដង ។
ចំណែកម្ចាស់ម៉ូតូម៉ាកHonda ZOOMER-X បាននិយាយដា នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅមុខបន្ទប់ជួលដោយអត់បានដកសោចេញទេ ហើយរវល់តែស្លៀកពាក់នៅក្នុងបន្ទប់ ក៏ស្រាប់តែជនសង្ស័យលួចយកម៉ូតូបាត់ ក្រោយមកទើបដឹងថាប្រជាពលរដ្ឋចាប់បានជនសង្ស័យ និងម៉ូតូរបស់គាត់ ៕






ចែករំលែកព័តមាននេះ