ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងឲ្យកែខោអាវមិនព្រមកែ ធ្វើឱ្យយុវជនមួយក្រុមមានការខឹងសម្បារ លុះពេលចេញពីរោងចក្រក៏បានយកមួកសុវត្ថិភាព កាំបិតប៉័ងតោ និងដុំថ្ម វាយគ្នាផ្អើលមុខរោងចក្រ រួចហើយរត់គេចខ្លួនអស់ ប៉ុន្តែ៣ថ្ងៃក្រោយមក ក៏ត្រូវនគរបាលស្រុកសំរោងទង ស្រាវជ្រាវក្របួចបានចំនួន៦នាក់ ។

ជនទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅមុខរោងចក្រកាត់ដេរហ៊ីរ៉ូតា ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍វាយតប់គ្នានេះ កម្លាំង
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ក៏បានចុះធ្វើការស្រាវជ្រាវ ។ ទំនាស់ពាក្យសម្ដីគ្នានៅក្នុងរោងចក្រនេះ គឺរឿងស្នេីឲ្យកែសម្រួលខោដែលដេរខូច ប៉ុន្តែភាគីម្ខាងទៀតប្រកែកថា មិនកែឱ្យនោះទេ និងបានបោះសម្ដីថា អ្ហែងថៅកែអញមែនទេ ?
ប្រភពដដែលបន្តថា បើផ្អែកតាមគណនីហ្វេសប៊ុកឈ្មោះ ឌីណាក្មេងតូច KH នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះពីសកម្មភាពក្មេងទំនើង២ក្រុម មានគ្នាប្រមាណ២០នាក់ បានយកមួកសុវត្ថិភាព និងដុំថ្ម គប់គ្នាទៅវិញទៅមក នៅមុខរោងចក្រខាងលើ ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថ្លែងថា ដោយមានកិច្ចសហ
ការដឹកនាំពីកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលស្រុកសំរោងទង កំណត់បានមុខសញ្ញាជនបង្កចំនួន៦នាក់ ដែលក្រុមមួយមានចំនួន៣នាក់ ៖
១-ឈ្មោះ អឺុន សុភី ហៅក្រូច ភេទប្រុស អាយុ២២ឆ្នាំ កាន់មួកសុវត្ថិភាព ។
២-ឈ្មោះ ណេន សុវណ្ណារី ភេទប្រុស អាយុ១៩ឆ្នាំ អ្នកកាន់ដុំថ្ម ។
៣-ឈ្មោះ ឃ្លោក គង់ ហៅញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកគប់ដុំថ្ម ។
រីឯភាគីម្ខាងទៀតមាន ៖
១-ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ២២ឆ្នាំ កាន់កាំបិតប៉័ងតោ ។
២-ឈ្មោះ ភឿន ភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ កាន់មួកសុវត្ថិភាព ។
៣-ឈ្មោះ ភឿន សុភា ភេទប្រុស អាយុ១៨ឆ្នាំ កាន់មួកសុវត្ថិភាព ។

លោក ឃុត សុផល បន្តថា តាមការសាកសួរក្រុមទី១ បានយកខោអាវដែលខូចទៅឱ្យក្រុមទី២កែ ប៉ុន្តែក្រុមទី២មិនកែឱ្យ ថែមទាំងប្រើពាក្យ អ្ហែងថៅកែមែនទេ ? ជាមួយនេះ ភាគីទាំងសងខាងសុទ្ធតែទទួលស្គាល់ថា ពួកគេពិតជាមានទំនាស់ពាក្យសម្ដីគ្នាប្រាកដមែន និងបានប្រយុទ្ធគ្នាដោយចង់ដឹងថា អ្នកណាខ្លាំងជាង ។
ជាមួយនឹងការឃាត់ខ្លួនជនទាំង៦នាក់ខាងលេី សមត្ថកិច្ចក៏បានដកហូតម៉ូតូ៤គ្រឿង និងមួកសុវត្ថិភាព៤ រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ