លោក ម៉ៅ សានសូណា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ទទួលបន្ទុកចល័ត និងមានទីតាំងរោងប្រចាំការឈរជើងឥតលើកផ្លាកសម្គាល់ដូចកុងត្រូលជជុះនោះ ត្រូវបានឈ្មួញរកស៊ីដឹកទំនិញតូច-ធំចោទប្រកាន់ថាជំរិតទារប្រាក់ពីពួកគាត់ ដែលស៊ីឈ្នួលដឹកទំនិញនិងគ្រឿងសមុទ្រគ្មានបន្ធូរបន្ថយឡើយ ប្រៀបដូចជាន់កដកស្លាបស្វែងរកលាភឥតអៀនខ្មាស់សោះ ។
គយ និងរដ្ឋាករខេត្តកោះកុង ទទួលបន្ទុកចល័ត និងមានទីតាំងរោងប្រចាំការឈរជើងឥតលើកផ្លាកសម្គាល់ដូចជាកុងត្រូលជជុះនោះមានទីតាំងនៅជាប់ផ្លូវជាតិលេខ៤៨ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងហើយត្រូវបានរងការចោទថា ប្រើរថយន្តផ្លាកលេខរដ្ឋ និងរថយន្តគ្នីគ្នាពាក់ផ្លាកលេខស៊ីវិល ម៉ាកព្រូស មកឈរជើងនៅរង្វង់មូលសាយភូថង ដើម្បីប្រដេញឃាត់ស្ទាក់រថយន្តអ្នកដឹកទំនិញទារប្រាក់ ។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា លោក សានសូណា អនុវត្តន៍ច្បាប់ល្មើសក្រមសីលធម៌ សម្ដីឈ្លើយអញហែ្អងសម្លុតឱ្យពលរដ្ឋរើទំនិញបើកតង់ បើកទ្វារនិងគំរាមយកប្រាក់ពីពលរដ្ឋអ្នកស៊ីឈ្នួលដឹកទំនិញក្នុងស្រុកដែលមានជារបស់ប្រើប្រាសនិងចំណីអាហារ ។
ជនជាតិចិនដឹកបន្លែក៏បានរអ៊ូរទាំប្រាប់អាជ្ញាធរភូមិថា មានលោកគយនៅចំណុចខាងលើដេញស្ទាក់ឃាត់សួររកលិខិតស្នាមទាមទារលុយ រហូតចិនធុញឱ្យ២០ដុល្លារទើបព្រមទៀតផង ។
អ្នកភូមិស៊ីឈ្នួលដឹកគ្រឿងសមុទ្រចេញពីឃុំថ្មសក៏ត្រូវលោកគយនោះចោទថា ជាទំនិញនាំមកពីប្រទេសថៃទាំងគ្មានភស្តុតាងពិតប្រាកដទាលុយ២០០ដុល្លារ ចុងក្រោយពលរដ្ឋធុញនិងខ្លាចខូចគុណភាពសាច់ក៏ព្រមឱ្យលោក១០០ដុល្លារទៅ មានបណ្ណផ្ទេរប្រាក់សក្ខីភាព ។
កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៥ លោក សាន សូណា ក៏បានដេញស្ទាក់ចាប់រថយន្តអ្នកស៊ីឈ្នួលដឹកប្រេងម៉ាស៊ីន ម៉ូទ័រ សម្បុកអ៊ែរ និងម៉ាស៊ីនវីស៊ីម៉ង់ត៍ ទិសដៅពីភ្នំពេញទៅថ្មស ដោយចោទថា បិទពន្ធក្លែងក្លាយ (ដែលដំបូងឡើយឃាត់តាមផ្លូវលោកគយទារប្រាក់លើទំនិញ និងរថយន្ត២លានរៀល គេមិនព្រមឱ្យ ក៏អូសទៅកន្លែងកុងត្រូលជជុះដែលឥតមានលើកផ្លាកសម្គាល់ទារលុយ១៥០០ដុល្លារ ជាថ្នូរដោះលែងរថយន្ត បន្ទាប់ពីតថ្លៃលោកគយព្រមយក៣០០ដុល្លារ តែដកហូតទំនិញដែលមានបណ្ណផ្ទេរប្រាក់៣០០ដុល្លារជាសក្ខីភាពដែរ ។ គ្រប់អ្នកដឹកទំនិញតិចតួចលោកបង្គាប់បញ្ជាឱ្យបង់លុយ ២ម៉ឺនរៀល ថ្លៃបាយទឹកក្នុងមួយជើង ទោះឱ្យ១ម៉ឺនប្រាំពាន់ក៏មិនព្រម
ដែរ ។
ទាក់ទងការលើកឡើងនេះលោក ម៉ៅ សានសូណា អនុប្រធានគយសាខាខេត្តកោះកុងក៏បានលើកឡើងថា លោកចេះធ្វើការលើជំនាញរបស់លោកបានច្បាស់លាស់ណាស់ ។ លោកថា ប្រភពព័ត៌មានដែលគេឱ្យទៅអ្នកសារព័ត៌មាននោះ បំផ្លើសការពិតទាំងស្រុងទេ ។ លោក ទុំ ណូ ប្រធានគយ និងរដ្ឋាករ សាខាខេត្តកោះកុង មិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់បាននៅឡើយទេ ។
ទោះយ៉ាងនេះក្ដីក្រុមពលរដ្ឋអ្នករកស៊ីបន្តិចបន្តួចដែលផ្ញើទំនិញតាមឡានកំពុងផ្ដិតមេដៃប្ដឹងលោក ម៉ៅ សានសូណា អនុប្រធានសាខាគយខេត្តកោះកុង ទៅអាជ្ញាធរ និងថ្នាក់លើឱ្យចាត់វិធានការតាមនីតិវិធី កុំឱ្យធ្វើទុក្ខបុកម្នេញបន្តទៀត ព្រោះពួកគាត់រកស៊ីរាប់សិបឆ្នាំមកហើយ មិនដែលជួបសកម្មភាពអាក្រក់ធ្វើលើសជ្រុលហួសហេតុក្នុងកំឡុងពេលជិត១ឆ្នាំដែលលោកគយរូបនេះមកកាន់ការងារនៅភូមិស្រុករបស់ពួកគាត់នោះទេ ៕
ចែករំលែកព័តមាននេះ