ខេត្តកណ្ដាល ៖ លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញប្រជាពលរដ្ឋឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន ខណៈតម្រូវការជាក់ស្ដែងបានត្រឹម១០%ប៉ុណ្ណោះ ។ នេះបើតាម រដ្ឋបាលខេត្តកណ្តាលបានផ្សាយនាថ្ងៃទី១៩ ខែសីហានេះ ។

រដ្ឋបាលខេត្តកណ្តាល បានបន្តថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃនេះផលិតផលបន្លែរបស់យើង ដែលផលិតក្នុងស្រុកបំពេញតម្រូវការជាក់ស្ដែងបានត្រឹម១០%ប៉ុណ្ណោះ ហើយនៅសល់ គឺតម្រូវការនាំចូលបន្ថែម ដូច្នេះផលិតផលបន្លែរបស់យើងកំពុងមានតម្រូវការចាំបាច់ នៅក្នុងទីផ្សារបច្ចុប្បន្ន ។

ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឱ្យផលិតបន្លែឱ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ ។
ការថ្លែងបែបនេះ នៅក្នុងឱកាសចុះពិនិត្យជីវភាពរបស់ប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ៖ ដើម្បីឱ្យទិន្នផលយើងទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ យើងជាអាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឱ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះឱ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងយើងដែលជាអ្នកដាំដុះផ្ទាល់ ដោយយើងមិនប្រើថ្នាំគីមី ក្នុងនោះដែរយើងត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិកររបស់យើងផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ បញ្ហាក្មេងទំនើង គ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកស្រី មេឃុំកោះខ្សាច់ទន្លា បានឱ្យដឹងថា ចំពោះទិន្នផលដំណាំចំរុះដែលប្រមូលលក់ទៅកាន់ទីផ្សារ ក្នុងមួយសប្តាហ៍នៅរដូវវស្សា ចន្លោះពី១៣តោន ទៅ ១៥តោនក្នុងមួយសប្តាហ៍ និង ២៥តោនទៅ ៣០តោនក្នុងមួយសប្តាហ៍នៅរដូវប្រាំង ៕








ចែករំលែកព័តមាននេះ