ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេមិនទាន់ដឹងពីមូលហតុបានឆេះអស់នូវកុដិឈើចាស់ទ្រុឌទ្រមដ៏ធំមួយខ្នងនៅក្នុងវត្តបួរខ្នា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២០ សីហា ដែលស្ថិតក្នុងឃុំវត្តតាមិម ស្រុកសង្កែ បង្កឲ្យព្រះសង្ឃផ្អើលរត់ព្រាតពេញក្នុងវត្ត តែមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃ ឬដូនជី តាជី ឡើយ ។

លោក យុត តុងហូ អធិការស្រុកសង្កែបានផ្ដល់ព័ត៌មានបឋមថា កុដិដែលត្រូវភ្លើងឆេះអស់គ្មានសល់នោះ ជាកុដិចាស់ទ្រុឌទ្រម ទុកចោលមិនមានអ្នកស្នាក់នៅទេ ។ លោកអធិការបានប្រាប់ថា កុដិនោះសាងសង់ពីថ្មក្រោមឈើខាងលើ តែសមត្ថកិច្ចមិនទាន់ដឹងពីមូលហឹតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងទាំងកណ្ដាលថ្ងៃនេះនៅឡើយទេ ។

អ្នកភូមិនៅក្បែរវត្តបាននិយាយថា កុដិដែលត្រូវភ្លើងឆេះនោះនៅក្បែររបង និងក្បែរសាលារៀន ។ គេមិនបានដឹងពីមូលហេតុដំបូងគេ ស្រាប់តែសុខៗក៏មានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ជាមួយនឹងផ្សែងខ្មួលខ្មាញ់ ព្រះសង្ឃរត់ប្រសាចពេញវត្ត រីឯប្រជាពលរដ្ឋផ្អើលពេញភូមិ រត់ទៅជួយអន្តរាគមន៍ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ។

លោក យុត តុងហូ អធិការស្រុកសង្កែបាននិយាយថា បើតាមការសាកសួរបឋមមន្ត្រីមូលដ្ឋានបានប្រាប់ថា នៅក្នុងកុដិនោះពុំមានអ្នកស្នាក់នៅ ហើយក៏ពុំមានទុកដាក់សម្ភារអ្វីដែរ មានតែគ្រែចាស់ៗចំនួន០៥ ។

លោកអធិការបានបញ្ជាក់ថា អគ្គិភ័យបានឆេះយ៉ាងលឿនដោយសារកុដិឈើនោះទុកចោល រីឯរថយន្តអគ្គិភ័យបានត្រឹមតែជួយបាញ់ទប់ស្កាត់កុំឲ្យឆេះរាលដាលតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា ចំពោះមូលហេតុ មន្ត្រីជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ សួរនាំបន្តលើករណីនេះហើយ ៕



ចែករំលែកព័តមាននេះ