រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងអតីតឧកញ៉ា ហេង សិទ្ធី មកបើកសវនាការជំនុំជម្រះទោសដែលជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន គឺលោក ផែង វណ្ណៈ ។

សវនាការនេះ បានធ្វើឡើងជាសាធារណៈ ដោយមានលោក ញឹម ពិសាល ជាចៅក្រមជំនុំជម្រះ និងលោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សវ នាការចំពោះមុខជនត្រូវចោទឈ្មោះ ហេង សិទ្ធី និងមេធាវីការពាការក្តី ចំណែកភាគីដើមបណ្តឹងលោក ផែង វណ្ណៈ មិនមានវត្តមានទេ តែមានមេធាវីការពារបណ្តឹងរដ្ឋប្បវេណីតាមផ្លូវច្បាប់ ។
សវនាការបានសួរដេញដោលលើជនជាប់ចោទឈ្មោះ ហេង សិទ្ធី ពាក់ព័ន្ធបណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលដើមបណ្ដឹងគឺលោក ផែង វណ្ណៈ ។ នៅក្នុងរង្វង់ក្រចកសេះជនជាប់ចោទឈ្មោះ ហេង សិទ្ធី បានទទួលស្គាល់កំហុសថា ខ្លួនពិតជាបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់អ្នកយកព័ត៌មានលោក ផែង វណ្ណៈ ប្រាកដមែន តែក៏បានទទូចស្នើសុំឲ្យលោក ផែង វណ្ណៈ ដកពាក្យបណ្តឹងវិញ និងសំណូមពរឲ្យតុលាការលើកលែងទោសដល់រូបគេផងដែរ ។
សូមបញ្ជាក់ថា សំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ផែង វណ្ណៈ ក៏បានប្តឹងទាមទារសំណងជំងឺចិត្តលើទឹកប្រាក់ចំនួន៤០០លានរៀល ។ តែយ៉ាងណាក្តី តុលាការបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទទៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្ន ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកស្រីចៅក្រមស៊ើបសួរបានបញ្ជាក់ថា បានឃើញសំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ឆ្នាំ១៩៨៩ មុខរបរ ពាណិជ្ជករ ទីលំនៅមុនពេលឃាត់ខ្លួននៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធ (លែងលះ)មានកូន៤នាក់ ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែង ហែកកេរ្តិ៍ ស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ។
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលជាតិនៃប្រទេសកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសរុស្សី បាននាំខ្លួនពីប្រទេសរុស្សីតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់នោះ ៕
ចែករំលែកព័តមាននេះ