ចិនបញ្ជាក់ជំហរម៉ឺងម៉ាត់ ៖ បន្តជួយកម្ពុជាបោស សម្អាតមី.នឱ្យសម្រេចតាមគោលដៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីន ។ ជាក់ស្តែង លោក…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីន ។ ជាក់ស្តែង លោក…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីន ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសនាថ្ងៃទី០១ ខែមេសានេះថា ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin. ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ ។

លោក ហេង រតនា បានបន្តថា ក្នុងជំនួបនេះ ខ្ញុំបានជម្រាបជូនឯកឧត្តម Wang Wenbin អំពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអង្គភាពCMAC សម្រេចបានជាពិសេសលើកិច្ចប្រតិបត្តិការក្រោម «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលរដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ក្នុងការអនុវត្តគម្រោងនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ។

លោកហេង រតនា បានបន្ថែមថា ខ្ញុំក៏បានជម្រាបបន្ថែមក្នុងការប្រើប្រាស់សម្ភារបច្ចេកទេសរបស់ចិន ក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ ។

ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេច ក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាព CMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការអភិឌ្ឍប្រកបដោយចីរភាព ។

សូមរំលឹកជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពCMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ បានចំនួនជាង៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុប ចំនួន៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមាន ចំនួនជាង៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង១.៤៥៤.០០០នាក់ ។

ក្នុងឱកាសនេះដែរ ខ្ញុំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារបច្ចេកទេស និងថវិកា ដែលជាកត្តាសារវន្តជួយឱ្យអង្គភាពCMACមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ