ថៃ ប្រកាសអាសន្នពីការជន់លិចក្រុងបាងកក និងខេត្ត១០ក្នុងភាគកណ្តាល
ថៃ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ផាត់សាកន បុណ្យលក្ខណ៍ អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ…
ថៃ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ផាត់សាកន បុណ្យលក្ខណ៍ អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ…
ថៃ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ផាត់សាកន បុណ្យលក្ខណ៍ អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ហៅកាត់ថា DDPM របស់ថៃ បានចេញមកប្រកាសអាសន្ន ក្រោយពីការព្យាករណ៍ឃើញថា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ កម្រិតទឹកទន្លេចៅផ្រាយ៉ា នៅទីក្រុងបាងកក និងខេត្តចំនួន១០ នាភាគកណ្ដាលនឹងកើនឡើងខ្ពស់ ។
ការហក់ឡើងនៃកម្ពស់ទឹកទន្លេចៅផ្រាយ៉ា នឹងធ្វើឲ្យតំបន់ទំនាបជាច្រើនជាប់ដងមាត់ទន្លេ អាចប្រឈមនឹងការជន់លិច ដោយមានកម្រិតទឹកកើនឡើងពីកម្រិតបច្ចុប្បន្នប្រហែល០.១០ ទៅ ០.៩០ម៉ែត្រ ដោយក្នុងនោះរួមមាន ខេត្តអ៊ុតថៃថានី, ឆៃណាត, សឹង្ហបុរី, អាងថុង, សុផាន់បុរី, នរគស៊ីអយុធ្យា, លុបបុរី, ប៉ាត់ថុមថានី, នន់ថបុរី, សមុទ្រប្រាកាន និងទីក្រុងបាងកក ។
ឆ្លើយតបនឹងស្ថានភាពនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានជូនដំណឹងដល់ប្រជាជនដែលរស់នៅតាមដងទន្លេចៅផ្រាយ៉ា និងតំបន់ដែលមានហានិភ័យខ្ពស់ ដែលជាតំបន់ទំនាបក្បែរដងទន្លេឱ្យប្រុងប្រយ័ត្នចំពោះកម្រិតទឹកដែលកើនឡើង និងត្រៀមខ្លួន ដើម្បីទទួលទានការជន់លិច រួមទាំងការត្រៀមខ្លួនក្នុងការប្រមែប្រមូលរៀបចំទុកដាក់របស់របរមានតម្លៃ និងចាំបាច់ឡើងទៅកាន់ទីខ្ពស់ ដើម្បីជៀសផុតផលប៉ះពាល់ដោយទឹកជំនន់ ។
ក្រៅពីប្រជាពលរដ្ឋ វិស័យឯកជន ដែលប្រកបអាជីវកម្មនៅលើដងទន្លេ ដូចជា ការដ្ឋានសំណង់ ភោជនីយដ្ឋានអណ្ដែតទឹក និងកំពង់ផែសាធារណៈឱ្យប្រុងប្រយ័ត្នដូចគ្នា ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនៅក្នុងតំបន់ ដើម្បីត្រួតពិនិត្យទំនប់ទឹក និងប្រព័ន្ធការពារទឹកជំនន់ឱ្យរឹងមាំ ដើម្បីការពារកម្រិតទឹកមិនឱ្យហូរហៀរលើសទំនប់ ។
ក្រសួងក៏បានរៀបចំសម្ភារៈ ឧបករណ៍ និងគ្រឿងម៉ាស៊ីនសម្រាប់គ្រោះមហន្តរាយ ដើម្បីត្រៀមខ្លួនក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបាន២៤ម៉ោងក្នុងមួយថ្ងៃ ។
គួរកត់សម្គាល់ថា ទីក្រុងបាងកករបស់ថៃ កំពុងប្រឈមមុខហានិភ័យខ្ពស់នៃការជន់លិចដោយទឹកជំនន់ ព្រោះតែទីតាំងភូមិសាស្ត្ររបស់ទីក្រុងនេះ ស្ថិតនៅចំដីទំនាបនៃសណ្តទន្លេចៅផ្រាយ៉ា និងនៅជិតមាត់សមុទ្រ ហើយមានកម្ពស់ជាមធ្យមប្រហែល១.៥ ទៅ២ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ខណៈតំបន់ខ្លះអាចមានកម្ពស់ទាបជាងនេះទៅទៀត បញ្ហាប្រឈមចម្បងរបស់ទីក្រុងបាងកក គឺបណ្តាលមកពីកត្តាពីររួមបញ្ចូលគ្នា គឺដីស្រុតចុះ និង ទឹកសមុទ្រហក់ឡើង ។
ក្រុមអ្នកជំនាញព្រមានថា ប្រសិនបើគ្មានវិធានការធំៗសម្រាប់ទប់ទល់ទេ ទីក្រុងនេះអាចនឹងប្រឈមនឹងការជន់លិចអចិន្ត្រៃយ៍នៅពេលអនាគត៕
ចែករំលែកព័តមាននេះ