ខេត្តកណ្តាល ៖ មានករណីស្ត្រីម្នាក់ ប្រើប្រាស់ថ្នាំញៀនរួចមានសភាពវង្វេងវង្វាន់ស្មារតី ហើយយកដែកកេះមកដុតផ្ទះរបស់ម្តាយឆេះខ្ទេច ត្រូវម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះម្តាយ ក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា ជនសង្ស័យជាកូនស្រីមានឈ្មោះ ឡាច សុគន្ធា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជាមា ដកហូតដែកកេះចំនួន០១ ពណ៌លឿង និង ខូចខាតផ្ទះទៀមថ្មប្រក់ដំបូលស័ង្កសីចំនួន០១ខ្នង ។
ចំណែកស្ត្រីជាម្តាយជាជនរងគ្រោះឈ្មោះ ប៉ាត់ ហាន អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីម្តាយបង្កើតរបស់ជនសង្ស័យ បានអោយដឹងថា កូនស្រីរបស់គាត់ តែងតែប្រើប្រាស់ថ្នាំញៀនជាប្រចាំ និងប្រើអំពើហិង្សាអុកឡុកអ្នកផ្ទះជាប្រចាំ ។ លុះមកដល់វេលាម៉ោង ១១ និង ០០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្រាប់តែជនសង្ស័យ មកពីប្រើប្រាស់ថ្នាំញៀន រួចមានសភាពបែកថ្នាំ វង្វេងវង្វាន់ស្មារតីហើយបានយកដែកកេះមកដុតផ្ទះរបស់ម្តាយបង្កើតឆេះដំបូល អណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ភ្លាមៗក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាយកទឹកមកជួយបាញ់ពន្លត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ដើម្បីឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន រួច មានសភាពបែកហើយបានធ្វើសកម្មភាពយកដែកកេះមកដុតផ្ទះរបស់ជនរងគ្រោះត្រូវជាម្តាយឆេះដំបូលអស់ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ