ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ច្រើន​មេ​លិច​ផ្លូវជាតិ​លេខ​៤​និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ព្រមទាំង​សាលាសង្កាត់​ចោម​ចៅ​ទី​៣

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​មេ​ជាប់​គ្នា​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់​បណ្ដាល​ឲ្យ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​គល់​ស្ពាន​អាកាស​ចោម​ចៅ និង​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ត្រង់​ចំណុច​ខាងលិច​អតីត​អាកាសយានដ្ឋាន​អន្តរា​ជាតិ​ភ្នំពេញ ។ ដោយ​បាន​លិច​ច្រើន​ថ្ងៃ​មក​ហើយ បើ​គិត​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា…

រាជធានីភ្នំពេញ​ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​មេ​ជាប់​គ្នា​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ទាន់​បណ្ដាល​ឲ្យ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​គល់​ស្ពាន​អាកាស​ចោម​ចៅ និង​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ត្រង់​ចំណុច​ខាងលិច​អតីត​អាកាសយានដ្ឋាន​អន្តរា​ជាតិ​ភ្នំពេញ ។ ដោយ​បាន​លិច​ច្រើន​ថ្ងៃ​មក​ហើយ បើ​គិត​ត្រឹម​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ទឹក​នៅ​មិន​ទាន់​ស្រក​ទៅ​វិញ​នៅឡើយ​ទេ ហើយ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ក៏​លិច​ដែរ ។ ប្រសិនបើ​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​មិន​ឈប់​ទៀត​នោះ​ទឹក​ក៏​មិន​ងាយ​និង​ស្រក​ចេញពី​ផ្លូវ​វិញ​ឡើយ លុះត្រាតែ​អាជ្ញា​ធរមាន​វិធានការ​អ្វីមួយ​លើ​បញ្ហា​នេះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ទឹក​លិច​ចាប់ពី​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ចោម​ចៅ ទៅ​ដល់​មុខ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក ព្រំប្រទល់​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ និង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បើ​តាម​ការ​ប៉ាន់ស្មាន​ទឹក​លិច​ផ្លូវ​នេះ​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ ក្នុង​នោះ​ខាង​គន្លង​ផ្លូវ​ចូល​រាជធានី​ភ្នំពេញ លិច​ខ្លាំង​ត្រឹម​ស្មងជើង និង​លិច​ទាំងស្រុង​ដល់​ទ្រូងផ្លូវ​តែ​ម្ដង ចំណែក​ឯខាង​គន្លង​ផ្លូវ​ចេញពី​រាជធានី​ភ្នំពេញ គឺ​ទិស​ដៅ​ពី​កើត​ទៅ​លិច​វិញ លិច​១​ចំហៀង​ផ្លូវ និង​លិច​ប្រវែង​ខ្លី​ជាង ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ការ​លិច​នេះ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ចាប់តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ មក​ម្ល៉េះ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​ភ្លៀង​រយៈពេល​ច្រើន​ម៉ោង​ទើប​រាំង​ទៅ​វិញ ។ ក្រោយ​ពេល​ភ្លៀង​រួច​ទឹក​មិន​ទាន់​ស្រក​ផង ស្រាប់តែ​ភ្លៀង​បាន​ធ្លាក់​នៅ​ថ្ងៃ​បន្ទាប់​ថែម​ទៀត ជាក់ស្ដែង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា មាន​ភ្លៀង​រហូត​ដល់​យប់​ថ្ងៃ​ដដែល​ទើប​រាំង ។ ដែល​បាន​ធ្វើ​ឲ្យ​ទឹក​កាន់តែ​មាន​លិច​ផ្លូវ​ថែម​ទៀត ហើយ​ក៏​មានការ​កកស្ទះ​ចរាចរ ទៀត​ផង ចំណែក​ម៉ូតូ​ច្រើន​គ្រឿង ជា​ពិសេស​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​អី​វាន់​ផ្សេង​ៗ បាន​រលត់​ម៉ា​សុ​ី​ន​ទៅ​មុខ​លែង​រួច​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​លិច​ផ្លូវ​ប៉ុណ្ណោះ​ទេ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ និង​ផ្ទះ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​នោះ​ក៏​ត្រូវ​ទឹក​លិច​ផង​ដែរ ហើយ​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ខាងលើ​នោះ ច្រើន​ឆ្នាំ​មក​ហើយ​លិច​តែ​នៅ​ពេល​ធ្លាក់​ភ្លៀង​ប៉ុណ្ណោះ ។ លុះ​ក្រោយ​ពេល​រាំងភ្លៀង​រយៈពេល​២​ទៅ​៣​ម៉ោង​ស្រក​ទៅ​វិញ​ហើយ មិន​ដែល​លិច​ត្រាំត្រែង​មិន​ស្រក​ទៅ​វិញ​បែប​នេះ​ទេ លុះ​ពេល​ចូល​មក​ដល់​ឆ្នាំ​២០២៥​នេះ​ឲ្យ​តែ​មាន​ភ្លៀង​គឺ​លិច​ច្រើន​ថ្ងៃ​ទើប​ស្រក​ទៅ​វិញ ហាក់ដូចជា​ហូរ​យឺត​ខ្លាំង​ណាស់ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ដោយឡែក​នៅ​ឯ​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ត្រូវ​បាន​ទឹក​លិច​ប្រវែង​ប្រមាណ​ពី​៥០០​ម៉ែត្រ គឺ​ចាប់ពី​ត្រង់​ចំណុច​ខាងលិច​អតីត​អាកាសយានដ្ឋាន​អន្តរា​ជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ រហូត​ដល់​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប៉ុន្តែ​ទោះបីជា​បែប​ណា អាជ្ញាធរ​មិន​ទាន់​មាន​វិធា​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​ទាំង​២​ខ្សែ​ខាងលើ​នោះ​ឡើយ ព្រោះ​ថ្វី​ដ្បិតតែ​ទឹក​លិច​មែន តែ​នៅ​តែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា គ្រាន់តែ​មិនសូវ​រលូន ហើយ​មាន​ម៉ូតូ​មួយ​ចំនួន​ឈ្លក់ទឹក​រលត់​ប៉ុណ្ណោះ ។

សូម​រម្លឹក​ផង​ដែរ​ថា ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ទៅ​ដល់​មុខ​អតីត​សាលាក្ដី​ខ្មែរក្រហម ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​តែ​ដល់​ខែកញ្ញា មាន​ភ្លៀង​ធ្លាក់​ច្រើន​គឺ​តែងតែ​មានការ​លិចលង់​ជា​ប្រចាំ​រាល់ថ្ងៃ និង​ច្រើន​ថ្ងៃ​ទើប​ស្រក​ទៅ​វិញ ។ ដោយ​កន្លែង​ខ្លះ​មាន​ជម្រៅ​ត្រឹម​ស្មងជើង ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​ត្រឹម​ភ្លៅ រហូត​អាជ្ញាធរ​ផ្អាក​មិន​ឲ្យ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរ​ឆ្លងកាត់​ថែម​ទៀត​ផង ប៉ុន្តែ​នៅ​ខែកញ្ញា ឆ្នាំ​២០២៥​នេះ​លែង​មានការ​លិចលង់​ទៀត​ហើយ ដោយសារ​មានការ​កែសម្រួល​ប្រព័ន្ធ​លូ និង​ស្ដារ​ប្រឡាយ​មេ​នានា​រួចរាល់ ពី​សំណាក់​អាជ្ញាធរ ហើយ​បែរជា​ទៅ​លិច​នៅ​ជិត​គល់​ស្ពាន​អាកាស​ចោម​ចៅ​វិញ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ