ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាដំណើរការចរចាគ្នាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមនោះហាក់ដូចជារីកចម្រើនទៅមុខដោយយឺតៗ។ លោកថ្លែងដូច្នេះចំពេលដែលគ្មានភាពប្រាកដប្រជាថាតើកិច្ចព្រមព្រៀងអាចទៅរួចដែរឬទេ ឬក៏សង្គ្រាមត្រូវតែចាប់ផ្ដើមឡើងសាជាថ្មី។ លោករូប៊ីអូថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំថ្លែងថាគម្រោងវាយប្រហារអ៊ីរ៉ង់ជាថ្មីត្រូវលោកព្យួរទុកសិនព្រោះភាគីទាំងសងខាងកំពុងតែចរចាគ្នាស៊ីជម្រៅ។ លោកត្រាំធ្លាប់គំរាមកំហែងជាច្រើនអាទិត្យមកហើយថាបទឈប់បាញ់ដែលព្រមព្រៀងគ្នាកាលពីពាក់កណ្ដាលខែមេសានោះអាចនឹងរលាយសាបសូន្យទៅវិញប្រសិនបើអ៊ីរ៉ង់មិនព្រមចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងនោះទេ។

លោករូប៊ីអូថ្លែងដូចខាងលើនេះមុនពេលលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការណាតូនៅប្រទេសស៊ុយអែត។ គេរំពឹងថាអង្គការនេះនឹងពិភាក្សាគ្នាថាតើខ្លួនត្រូវដើរតួនាទីអ្វីខ្លះក្នុងការមើលការខុសត្រូវលើច្រកសមុទ្រហ័រម៉ូស។ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតមានឡើងនៅឡើយទេ។ លោកត្រាំធ្លាប់កំណត់ឱសានវាទសម្រាប់អ៊ីរ៉ង់ជាច្រើនដងមកហើយ រួចហើយលោកព្យួរទុកវិញ។ លោកថាលោកព្យួរទុកគម្រោងវាយប្រហារអ៊ីរ៉ង់ជាថ្មីដើម្បីទុកពេលចរចាគ្នា។ មិនយូរប៉ុន្មាន លោកងាកទៅប្រើចំណាត់ការយោធាឡើងវិញ។

ត្រាំថ្លែងថានៅសប្ដាហ៍នេះលោកប្រុងវាយប្រហារអ៊ីរ៉ង់បាត់ទៅហើយ កុំតែបានបណ្ដាសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាឃាត់ទាន់ក្នុងនោះមានដូចជាថ្នាក់ដឹកនាំប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមជាដើម។ ពួកគេក៏ជាអ្នករងគ្រោះពីការវាយប្រហារដោយយោធាអ៊ីរ៉ង់ផងដែរប្រសិនបើសង្គ្រាមផ្ទុះឡើង។ ប៉ុន្តែការដែលលោកត្រាំសុខចិត្តជ្រើសរើសយកការចរចាគ្នាជាជាងការធ្វើសង្គ្រាមក៏បង្កភាពតានតឹងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ផងដែរ។

មន្ត្រីរដ្ឋាភិបាលម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថាលោកត្រាំ និងលោកណឺតាន់យ៉ាហ៊ូបានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងការចរចាគ្នាជាមួយអ៊ីរ៉ង់។ មន្ត្រីរូបនោះអះអាងថាលោកណឺតាន់យ៉ាហ៊ូខឹងសម្បារយ៉ាងខ្លាំងដែលលោកត្រាំនៅតែព្យាយាមចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀង។ ក្រោយមក លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកណឺតាន់យ៉ាហ៊ូនឹងធ្វើអ្វីក៏ដោយស្របតាមការចង់បានរបស់លោក (ត្រាំ)៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ