រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះវីដេអូ លើបណ្តាញសង្គម ពាក់ព័ន្ធករណីប្រើពូថៅដៃ ដំបងឈើ និងញញួរវាយរបងស័ង្កសី និងថ្ម បង្កជម្លោះនៅក្នុងមូលដ្ឋានខណ្ឌ ៧មករានោះ នៅពេលនេះ អាជ្ញាធរបានសម្របសម្រួលគ្នា បញ្ចប់រឿងហើយ ។
ការសម្របសម្រួលនេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា រួមទាំងមន្ត្រីពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យ នៅត្រង់ចំណុចផ្ទះលេខ៧អឺ០ ផ្លូវ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកឃើញថា ការសាងសង់លើព្រំដីត្រឹមត្រូវ មិនមានការរំលោភនោះឡើយ ។
ជាមួយគ្នានេះ កាលពីនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានកោះអញ្ជើញភាគីទាំងសងខាង និងដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មកកាន់អធិការដ្ឋាននគរបាល ដើម្បីធ្វើការសម្របសម្រួលគ្នា ។
ក្រោយភាគីទាំងសងខាង មកដល់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ស្ត្រីរូបនោះ រួមទាំងអង្គរក្ស បានទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំទោសទៅកាន់ភាគីខាងរងគ្រោះទ្រព្យសម្បត្តិ នៅចំពោះមុខសមត្ថកិច្ច ដោយធ្វើកិច្ចសន្យាមិនឲ្យមានលើកក្រោយទៀតនោះឡើយ ។
ក្នុងនោះ ភាគីខាងបង្ក បានធ្វើការសុំទោសរាល់កំហុស ដែលបានប្រព្រឹត្តទៅកាន់ជនរងគ្រោះ និងយល់ព្រមសងសំណងថ្លៃខូចខាតផងដែរ ក៏ដូចជាយល់ព្រមអោយជនរងគ្រោះសាងសង់រោង និងរបងតាមលំនាំដើម ដោយមិនមានការជំទាស់ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មានការបង្ហោះវីដេអូ លើបណ្តាញសង្គម ចំពោះករណីមានស្ត្រីម្នាក់ រួមអង្គរក្ស ធ្វើការយកដំបង ពូថៅ ញញួរវាយរបងថ្ម និងស័ង្កសី បណ្តាលអោយរបងមានការខូចខាត ៕







ចែករំលែកព័តមាននេះ