ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបដិសេធព័ត៌មានដែលថាយោធាចិនបានហ្វឹកហ្វឺនទាហានរុស្ស៊ីជាសម្ងាត់ចំនួន២០០នាក់នៅលើទឹកដីចិនផ្ទាល់តែម្ដងកាលពីឆ្នាំមុន។ នៅក្នុងចំនួននោះ ទាហានខ្លួនបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងរវាងចិន និងរុស្ស៊ីដែលធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ និងដែលអ្នកសារព័ត៌មានទទួលបានបានឱ្យដឹងថាទាហាន២០០នាក់នឹងទទួលការបណ្ដុះបណ្ដាលនៅលើមូលដ្ឋានយោធានៃទីតាំងមួយចំនួនរួមទាំងទីក្រុងប៉េកាំង និងទីក្រុងណានជីងផងដែរ។

កិច្ចព្រមព្រៀងនោះសរសេររៀបរាប់បន្តទៀតថាទាហានចិនរាប់រយនាក់ក៏នឹងទទួលការបណ្ដុះបណ្ដាលពីរុស្ស៊ីវិញដែរនៅលើមូលដ្ឋានសឹកនៅក្នុងទឹកដីរុស្ស៊ី។ នៅពេលអ្នកសារព័ត៌មានសួរនាំអំពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងសូមបដិសេធ។ លោកប៉េស្កូសថ្លែងថានោះជាព័ត៌មានប្រឌិតដែលចុះផ្សាយដោយកកាសែតអឺរ៉ុប និងអាមេរិក។ ការបំផ្លើសព័ត៌មានបែបនេះជាបញ្ហាដែលយើងកំពុងជួបប្រទះ។

ប្រទេសចិនអះអាងថាខ្លួនប្រកាន់ជំហរអព្យាក្រិតនៅក្នុងសង្គ្រាមអ៊ុយក្រែន និងទទួលរ៉ាប់រងជាអ្នកសម្របសម្រួលការចរចាសន្តិភាពថែមទៀតផង។ លោកស៊ីជីនពីង និងលោកពូទីនបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពនៅពេលលោកទាំង២ជួបគ្នានៅសប្ដាហ៍នេះ។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត វិមានក្រឹមឡាំងសូមបដិសេធការផ្សាយដែលថាលោកពូទីនកំណត់យកចុងឆ្នាំនេះធ្វើជាឱសានវាទនៃការបញ្ចប់សង្គ្រាមអ៊ុយក្រែន។

លោកប៉េស្កូសចាត់ទុកថានោះជាព័ត៌មានប្រឌិត។ ការថ្លែងដូច្នេះដើម្បីឆ្លើយតបទៅការផ្សាយរបស់ទូរទស្សន៍ប្ល៊ូមបឺកដែលថាលោកពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹមដំណាច់ឆ្នាំនេះដោយភ្ជាប់លក្ខខណ្ឌមួយថារុស្ស៊ីត្រូវគ្រប់គ្រងតំបន់ដុនបាស់ទាំងមូល។ យោងតាមប្រភពដែលបង្ហើបប្រាប់ប្ល៊ូមបឺកនោះ រុស្ស៊ីក៏ចង់បង្កើតកិច្ចព្រមព្រៀងដ៏ទូលំទូលាយផ្នែកសន្តិសុខជាមួយអឺរ៉ុបផងដែរ។ តាមរយៈនេះកិច្ចព្រមព្រៀងនេះនឹងទទួលស្គាល់ទឹកដីថ្មីរបស់រុស្ស៊ី៕ ប្រភព៖ Reuters និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ