ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរីនឹងឆ្លងកាត់ការវាយតម្លៃដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ (UN) នៅឆ្នាំ ២០២៧ ដើម្បីកំណត់ថា ប្រទេសមានផ្ទៃដីតូចជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រៀមខ្លួនហើយឬនៅ ដើម្បីធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់លើលទ្ធភាពនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ?
ចាប់ផ្តើមពីឆ្នាំ ២០២៧ ដោយមានការគាំទ្រពីអ្នកជំនាញអន្តរជាតិ ប្រទេសសិង្ហបុរីនឹងធ្វើការវាយតម្លៃជាផ្លូវការ ដែលមានគោលបំណងផ្តល់ជូនព័ត៌មានដល់ការសម្រេចចិត្តនាពេលអនាគតណាមួយរបស់ខ្លួនលើបច្ចេកវិទ្យានុយក្លេអ៊ែរទំនើប។
ការត្រួតពិនិត្យនឹងបង្កើតជាដំណាក់កាលទី ១ នៃបេសកកម្មពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររួមបញ្ចូលគ្នា (INIR)។ ដំណាក់កាលទី១នេះ នឹងជួយរដ្ឋាភិបាលសិង្ហបុរីផ្ទៀងផ្ទាត់វឌ្ឍនភាពរបស់ខ្លួន និងរក្សាការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរឱ្យដំណើរការទៅមុខ ដោយប្រើក្របខ័ណ្ឌវិធីសាស្ត្រ Milestones ដែលទទួលស្គាល់ជាសកលរបស់ IAEA។
សិង្ហបុរីមិនទាន់សម្រេចចិត្តលើការអនុម័ត ឬដាក់ឱ្យប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅឡើយទេ ព្រោះប្រទេសមានផ្ទៃសរុប ៧៤៤,៣ គីឡូម៉ែត្រការ៉េមួយនេះ កំពុងតែតាមដានការអភិវឌ្ឍសកល និងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញជំនាញសុវត្ថិភាពនុយក្លេអ៊ែរ និងបទប្បញ្ញត្តិរបស់ខ្លួន និងកំពុងស្វែងយល់ពីជម្រើសទាំងអស់ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន ឬការបញ្ចេញកាបូនសូន្យ ក៏ដូចជាការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។ ដ្បិតសិង្ហបុរីមានផ្ទៃដីតូច ពិបាកក្នុងការបង្កើតថាមពលកកើតឡើងវិញខ្នាតធំ ដូចជា ថាមពលខ្យល់ ឬពន្លឺព្រះអាទិត្យ។
អាជ្ញាធរសិង្ហបុរីអះអាងថា ការសម្រេចចិត្តណាមួយនៅទីបំផុតលើការដាក់ឱ្យប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នឹងត្រូវបានថ្លឹងថ្លែងដោយប្រុងប្រយ័ត្នប្រឆាំងនឹងសុវត្ថិភាព ភាពជឿជាក់ តម្លៃសមរម្យ និងនិរន្តរភាពបរិស្ថាន ព្រមទាំងត្រូវរៀបចំឡើងសម្រាប់បរិបទជាតិតែមួយគត់របស់ប្រទេសសិង្ហបុរី។
«សិង្ហបុរី» ត្រូវបានពិភពលោកប្រសិទ្ធនាមជាប្រទេសមានជាងគេបំផុតនៅទ្វីបអាស៊ី និងលំដាប់ទី ៦ ពិភពលោក ក្នុងសន្ទស្សន៍ឆ្នាំ ២០២៦ ចេញផ្សាយដោយវេទិកាអនឡាញអន្តរជាតិ HelloSafe ដោយផ្អែកលើការវាយតម្លៃចំនួន ៥ ទាញយកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ដែលរួមមាន ៖ ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗគិតតាមអំណាចទិញ, ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗ, សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស, រង្វាស់វិសមភាពប្រាក់ចំណូល និងអត្រាភាពក្រីក្រ។
កាលពីដើមឆ្នាំ ២០២៦ សិង្ហបុរី ក៏ត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តី Economist របស់ចក្រភពអង់គ្លេសថាជាប្រទេសមានជាងគេបំផុតទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសស្វីស ទាក់ទងនឹងផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗ៕ នេះបើយោងតាមប្រភពពី The Straits Times, VnExpress និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ