ខេត្តកំពង់ចាម: នេះជាលើកទីមួយនឹងអាចចាត់ទុកជាគំរូក្នុងចំណោម១០៩ ឃុំ-សង្កាត់ ដោយសាលាឃុំបារាយណ៍ក្នុងស្រុកព្រៃឈរបើកការដេញថ្លៃគម្រោងផ្លូវចំនួនពីរខ្សែដែលមានទឹកប្រាក់ប្រមាណជាង ៤០០លានរៀលគឺមានប្រជាពលរដ្ឋបានមកចូលរួមតាមដានសកម្មភាពដេញថ្លៃដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ក្នុងគោលបំណងរបស់ពួកគាត់ចង់ឃើញការដេញប្រព្រឹត្តទៅដោយមានភាពយុត្តិធម៌និងតម្លាភាព។
លោកជុំ សុភាព មេឃុំបារាយណ៍មានប្រសាសន៍លើកឡើងថា:ការដេញថ្លៃគម្រោងផ្លូវចំនួន២ខ្សែក្នុងនោះមាន ៖
១.ប្រភេទផ្លូវបេតុងប្រវែង៤០០ម៉ែត្រនិងសាងសង់លូភ្លោះកាត់ផ្លូវស្ថិតនៅភូមិខ្ចាយ-រោលជ្រូក តម្លៃដាក់ឲ្យដេញថ្លៃជាង១៨៧លានរៀល ក្នុងនោះមាន៨ ក្រុមហ៊ុនបានចូលរួមដោយដេញបានលើក្រុមហ៊ុនកេត ម៉េងឡាយ ក្នុងតម្លៃជាង៦៨លានរៀល។
២.ជួសជុលផ្លូវគ្រួសក្រហមប្រវែង២៩២០ម៉ែត្រទទឹង៩ម៉ែត្រនៅភូមិអូរកំបោរ តម្លៃដាក់ឲ្យដេញថ្លៃជាង២១៨លានរៀល មានក្រុមហ៊ុនចំនួន៨ ចូលរួមដេញថ្លៃបានលើក្រុមហ៊ុនកេត ម៉េងឡាយ តម្លៃ៥៨លានរៀល។
លោកមេឃុំបារាយណ៍មានប្រសាសន៍បន្តឲ្យដឹងទៀតថា ចំពោះផ្លូវដែលត្រូវបានដាក់ឲ្យដេញថ្លៃនាពេលនេះគឺជាការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានផលវិបាកក្នុងការធ្វើដំណើរទើបក្រុមការងាររបស់សាលាឃុំ បានចុះសិក្សាវាយតម្លៃនិងផ្ដល់អទិភាពជូន។ ហើយនៅក្នុងឃុំរបស់លោកទាំងមូលមានចំនួន១៣ភូមិក្នុងនោះផ្លូវដីក្រាលគ្រួសក្រហមស្ថាបនាបាន៤០% ហើយប្រភេទផ្លូវបេតុងបានប្រវែង៧០០០ម៉ែត្រ ហើយការដេញថ្លៃលើកនេះគឺមានការស្ថាបនាបន្តពីផ្លូវមេមួយខ្សែនេះ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋងាយស្រួលដឹកកសិផលមកកាន់ទីផ្សារ។
រូបលោកបានត្រូវប្រជាពលរដ្ឋបោះឆ្នោតជាប់ជាមេឃុំក្នុងឆ្នាំ២០១៩ ហើយសម្រាប់អាណត្តិថ្មី បើរូបលោកជាប់ឆ្នោតមេឃុំម្ដងទៀតនោះនឹងប្រឹងអភិវឌ្ឍផ្លូវដីទៅជាផ្លូវបេតុងឲ្យបានច្រើនខ្សែ។ តាមគម្រោងក្នុងឆ្នាំ២០២៧ ត្រូវអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀតនៅភូមិព្រែកខ្ជាយ សមិទ្ធផលថ្មីនិងធ្វើឲ្យបងប្អូនពលរដ្ឋមានភាពសប្បាយរីករាយ។
លោកជុំ សុភាព មេឃុំបារាយណ៍បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥កន្លងទៅគឺក្រុមហ៊ុនកេត ម៉េងឡាយ ដែលជាអ្នកដេញបានគម្រោងស្ថាបនាផ្លូវបេតុងដោយរូបលោកអះអាងថាដេញលើកទីមួយគឺម្ចាស់ក្រុមហ៊ុនខាតចូលដើមលើកទី២ចំណេញខ្លះ។ ជាក់ស្ដែងសកម្មភាពនៃការដេញថ្លៃដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ឧសភាឆ្នាំ ២០២៦គឺមានកម្លាំងនគរបាលនិងអាវុធហត្ថការពារពង្រឹងសណ្ដាប់ធ្នាប់ការដេញថ្លៃប្រព្រឹត្តទៅបានល្អ មិនមានការចាប់ទាញអ្នកដាក់ស្រោមសំបុត្រនោះទេ ហើយការដេញថ្លៃនេះមានការធ្លាក់ចុះច្រើនធ្វើឲ្យរដ្ឋចំណេញថវិកាជិត៣០០ លានរៀល ហើយថវិកាទាំងនេះដែលនៅសល់គ្រោងដេញថ្លៃអភិវឌ្ឍន៍ផ្លូវបន្ថែមទៀត។
តាមពិតអាជ្ញាធរមិនចង់ឃើញការដេញថ្លៃកាប់ចាក់ចុះច្រើនធ្វើឲ្យខាតបង់សំខាន់ចង់ឱ្យក្រុមហ៊ុនដែលដេញបានក្រោយពីស្ថាបនាផ្លូវរួចទទួលបានប្រាក់ចំណេញរដ្ឋក៏ទទួលបានចំណេញដូចគ្នា ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ