រាជធានីភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣០០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន ១.ជំនាញការផលិតនំ, ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៣.ជំនាញធុរកិច្ចភេសជ្ជៈ, ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ៥.ជំនាញការថែទាំនិងជួសជុលរថយន្ត, ៦.ជំនាញការកែច្នៃបន្លែនិងផ្លែឈើ, ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៨.ជំនាញការងារកំបោរ, ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក, ១០.ជំនាញការងារការ៉ូ, ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ១២.ជំនាញការថែទាំនិងជួសជុលទូរសព្ទដៃ, ១៣.ជំនាញការថែទាំនិងជួសជុលជណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញការវាស់ភ្នែកនិងកាត់កញ្ចក់វ៉ែនតា, ២១.ការធ្វើម្ហូបខ្មែរ, និង២២.ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ