ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវបានឃាតករ ដែលគេគ្មានភិនភាគពីអត្តសញ្ញាណ បានកាប់ចិញ្ច្រាំរបួសស្ទើរសុះសាច់ រហូតស្លាប់យ៉ាងរន្ធត់ នៅក្នុងរោងចាំចម្ការមួយកន្លែង នៅក្នុងដីចម្ការស្ថិតក្នុងភូមិតាំងយូ ឃុំដូរដា ស្រុកកំរៀង ដែលកើតឡើងនៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ។
សេចក្ដីរាយការណ៏ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង ខ្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករដេកយាមចម្ការឲ្យបងស្រីបង្កើត ឈ្មោះ សុង កែវ អាយុ៤៥ឆ្នាំ។ ជនរងគ្រោះ មានស្នាមរបួសស្ទើរគ្រប់កន្លែងនៅលើដងខ្លួន ៖ ក្បាល ដៃ ជើង ជាពិសេសត្រង់.ក លើស្មា នេះបើតាមសមត្ថកិច្ចនិយាយ ។
កោះសន្តិភាព មិនទាន់ទទួលបានព័ត៌មានពិស្ដារពីក្រុមគ្រួសារជនរងគ្រោះ ជុំវិញករណី«ឃាតកម្ម»ដ៏សាហាវឃោរឃៅនេះនៅឡើយទេ រហូតមកទល់ពេលនេះ ។
ដោយឡែក អធិការស្រុកកំរៀង លោក វេ គឹមចត់ ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមបានដែរ នៅរសៀលថ្ងៃដដែលនេះ។
ប៉ុន្តែយោងតាមព័ត៌មានបឋមនានា ដែលកោះសន្តិភាពទទួលបានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវឃាតករកាប់សម្លាប់នៅក្បែររោងចាំចម្ការ ដែលគេសង្ស័យថា អាចវាយតបតគ្នាទៀតផង នេះបើពិនិត្យកន្លែងកើតហេតុ តែគេមិនអាចដឹងថា តើភាគីម្ខាងទៀតយមានបក្ខពួកប៉ុន្មាននាក់នោះទេ ? ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាព័ត៌មានបឋម ដែលផ្ដល់ដោយអ្នកនៅកន្លែងកើតហេតុ ខណៈព័ត៌មានពីសមត្ថកិច្ច មិនត្រូវបានគេបង្ហើបឲ្យដឹងឡើយ។ គេកំពុងដាក់ការសង្ស័យថា អំពើ«ឃាតកម្ម»ដ៏ឃោរឃៅនេះ អាចផ្ដើមចេញពីរឿង«គំនុំ» ហើយឃាតករ អាចជាមនុស្សស្កាល់គ្នាទៀតផង។ យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងតែប្រឹងប្រែងស្វែងរកមុខសញ្ញាជនដៃដល់ហើយ ៕


ចែករំលែកព័តមាននេះ