ខេត្តព្រះវិហារ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីនៃក្រសួងព័ត៌មានបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ៖ វត្តកែវសិក្ខាគិរីស្វារៈ នៅជាប់ជើងប្រាង្គប្រាសាទព្រះវិហារត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់កងទ័ពថៃ ។

រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន បានបន្តថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាបានអញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។

សូមរំលឹកថា កម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕

ចែករំលែកព័តមាននេះ