រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា គិតមកដល់ត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ រយៈពេល៦ថ្ងៃដំបូងនៃឆ្នាំ២០២៥ បានចំនួន១៣,៥៥១ រូបនាំឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលកើនឡើងដល់៥៩,៤៩ភាគរយនៃចំនួនត្រូវប្រកាសសរុប២២,៧៧៦ រូប ។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅបន្តរង់ចាំទទួលឯកសារប្រកាស០៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ ព្រឹកដល់ម៉ោង០៥:០០ ល្ងាច ។
សូមរំឮកថា ក្នុងរយៈពេល១ឆ្នាំ២០២៤អង្គភាពប្រឆាំងអំពើពុករលួយបានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីជាប់កាតព្វកិច្ចជាង២ម៉ឺននាក់ នៅក្នុងនោះមានមន្ត្រីតែងតាំងថ្មី ជា៣ពាន់ នាក់ ។
អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងកិច្ចប្រជុំលើកទី២២ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀល ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០២៤ គិតទាំងការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំមានអ្នកមកប្រកាសទ្រព្យសម្បត្តិចំនួន១៧.៩៦៩ រូប តែងតាំងថ្មី៣.៤០៤ រូប អ្នកលាលែង ចប់អាណត្តិចំនួន២.២២៣ រូប បញ្ឈប់ពីមុខតំណែងចំនួន៣២រូប ចូលនិវត្តន៍ចំនួន១.០៤២ រូប ។
សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០២៤ មានចំនួន២៤.៦៧៥ រូប ។ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ដោយឡែកក្នុងខែធ្នូ មានមន្ដ្រីចំនួន១៣៧ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន៨១រូប ដោយឡែកមន្ដ្រី៥៦ រូបទៀតបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុតម្រូវការនៃការស៊ើបអង្កេត បញ្ឈប់ពីការងារលាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ ៕
ចែករំលែកព័តមាននេះ