ខេត្តកំពង់ឆ្នាំង ៖ ត្រីប្រហុកបានចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៣កើត ហើយមកដល់ថ្ងៃ៦កើត ខែបុស្ស ត្រូវនឹងថ្ងៃទី០៤ មករា ២០២៥ ត្រីប្រហុកបានចាប់ផ្ដើមត្រូវខ្លាំង ។ មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើត្រីប្រហុក សូមទៅតាមទីតាំងដែលនៅជិតដើម្បីទិញត្រីធ្វើប្រហុកឲ្យបានទាន់ពេលវេលា ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថា នៅថ្ងៃទី៦ កើតខែបុស្សត្រូវនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ត្រីប្រហុកបានចាប់ផ្ដើមត្រូវគ្រប់ទីកន្លែង និយាយជារួមចាប់ផ្ដើមតាំងពីតំបន់ឆ្នុកទ្រូ ស្រុកបរិបូណ៌ រហូតដល់ព្រំប្រទល់ស្រុកកំពង់ត្រឡាច ជាមួយស្រុកពញាឮ ខេត្តកណ្ដាល ។

បងប្អូនដែលបំណងទិញត្រីធ្វើប្រហុក សូមអញ្ជើញទៅតាមទីតាំងដែលមាននៅតំបន់ឆ្នុកទ្រូ តំបន់ សេះស្លាប់ ស្រុកបរិបូរណ៍ តំបន់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង នៅកំពង់ប្រាសាទ ឃុំសែប និងកំពុងត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ។

លោក លី ឡា បានបញ្ជាក់ថា សម្រាប់ត្រីធំៗ ដូចជាត្រីចង្កែង ត្រីឆ្កោក ត្រីឆ្ពិន គឺមានលក់នៅផ្សារពន្លៃ មុខសាលាស្រុកបរិបូណ៌ កំពុងសំបូរណាស់ ដោយសារការនេសាទដោយដាក់លប តែឃើញប្រជានេសាទសម្រុកយកមកដាក់លក់នៅផ្សារពន្លៃការពារយប់ថ្ងៃទី៣ ខែមករា នេះ ដែលមានភ្ញៀវជាអ្នកដំណើរចូលទិញយ៉ាងច្រើនផងដែរ ។

ចំពោះតម្លៃត្រីប្រហុកដែលអង្គភាពយើងទទួលបានមានតម្លៃខុសៗគ្នា នៅមាត់កំពង់ទឹក ឆ្នុកទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រីស្រស់សម្រាប់យកមកកាត់ធ្វើធ្វើត្រីប្រហុកមួយគីឡូក្រាមថ្លៃ600រៀល។ នៅកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច អ្នកទិញត្រីយកមកធ្វើប្រហុកថ្លៃ 1.000 រៀលក្នុងមួយគីឡូក្រាម និងនៅកំពង់ត្រឡាចក្រោម ថ្លៃ 1.100រៀលក្នុងមួយគីឡូក្រាម ។
ចំពោះស្ថានភាពកាត់ក្បាលត្រីប្រហុកសម្រាប់ឆ្នាំ2025 នេះ គឺខុសពីបណ្ដាឆ្នាំកន្លងទៅ ដែលអ្នកស្រុកឆ្ងាយៗ ដូចមកពីឃុំចោងក្នុងស្រុកទឹកផុស ឬមកពីខាងស្រុកសាមគ្គីមានជ័យបានបរទេះគោ មកទិញត្រីកាត់ក្បាល ធ្វើប្រហុក ពួកគាត់ទាំងនោះ ត្រូវមកដេកផ្លូវចាំទិញត្រីកាត់ក្បាលធ្វើប្រហុកមួយយប់ឬពីរយប់ ពេលពេញពាង ក្រឡ ទើបត្រឡប់ទៅវិញ ។

ដោយឡែក ស្ថានភាពបច្ចុប្បន្នដោយសារតែមានផ្លូវខ្វៃងខ្វាត់ ស្រួលក្នុងការធ្វើដំណើរពួកគាត់បានបើករម៉កម៉ូតូ ឬក៏ម៉ូតូទិញច្រកការ៉ុងដឹកទៅទាំងស្រស់យកទៅកាត់ក្បាលធ្វើប្រហុកនៅលំនៅឋានតែម្ដង ពុំសូវឃើញមាននរណាមកដេកចាំកាត់ក្បាលត្រីប្រហុកដូចមុនឡើយ។ ប៉ុន្តែសម្រាប់ឈ្មួញធំៗដែលចាំទិញត្រីកាត់ក្បាល ធ្វើប្រហុកប្រើដោយម៉ាស៊ីនកាត់ក្បាល គឺកាត់នៅនឹងកន្លែង ធ្វើលើទឹកតែម្ដង។







ចែករំលែកព័តមាននេះ