ខេត្តសៀមរាប ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប ក្រោមអថិបតីភាពលោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេស ចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោក ជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារជំនាញ ។

លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ។

លោកជំទាវបានសង្កត់ធ្ងន់ថា មគ្គុទ្ទេសក៍ទេសចរណ៍ពុំអាចខ្វះបាននូវវគ្គតម្រង់ទិស គ្រប់គ្រងត្រួតពិនិត្យ និងការចូលរួមជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់យកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួម ចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។ ការគោរពនេះ នឹងធានាបាននូវការលើកកម្ពស់កិត្យានុ ភាព ជាតិលើឆាកអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍។

លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីឆ្លើយតបបានទាំងបរិមាណ និងគុណភាព តាមតម្រូវការជាក់ស្ដែងនៃការវិវត្តវិស័យទេសចរណ៍ ។ វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការបណ្ដុះ បណ្ដាលក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការបណ្ដុះ បណ្ដាលនៅនឹងកន្លែងជូនដល់សិក្ខាកាមដែលមានជំនាញស្រាប់។

លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១០ថ្ងៃ ដោយមានគ្រូអ្នកជំនាញចិនដែលមានជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ចំនួន៣រូប មកពីសាកលវិទ្យាល័យ និងសមាគមទេសចរណ៍ផ្សេងៗគ្នានៅក្នុងខេត្តយូណាន ។ សម្រាប់ប្រធានបទសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍអេកូទេសចរណ៍ សីលធម៌ និងវិជ្ជាជីវៈសេវាកម្មទេសចរណ៍ និងការប្រាស្រ័យទាក់ទងគ្នាឆ្លងវប្បធម៌ ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជ កម្មអន្តរជាតិខេត្តយូណាន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចូលរួមជាសិក្ខាកាមចំនួន៥០នាក់៕

ចែករំលែកព័តមាននេះ