ទីក្រុងបាងកក៖ គណបក្សភឿថៃប្រកាសតែងតាំងក្មួយប្រុសលោកថាក់ស៊ីនជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកយុទ្ធឆាណាន វង្សសាវ៉ាត (Yodchanan Wongsawat) ត្រូវបានតែងតាំងជាបេក្ខជនជម្រើសទីមួយ។ លោកមានអាយុ៤៦ឆ្នាំ និងជាកូនប្រុសលោកសោមឆាយ វង្សសាវ៉ាតដែលជាស្វាមីប្អូនស្រីលោកថាក់ស៊ីន។

លោកយុទ្ធឆាណានចាប់ផ្ដើមតោងកាលីបលោកថាក់ស៊ីន និងយកឈ្មោះរបស់លោកថាក់ស៊ីនមកប្រើប្រាស់ដើម្បីទាក់ទាញសន្លឹកឆ្នោត។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាលោក និងលោកថាក់ស៊ីនមានទស្សនវិស័យរួមគ្នាមួយ។ នោះគឺការបម្រើប្រជារាស្ត្រ។ លោកយុទ្ធឆាណានប្រឡូកនៅក្នុងវិស័យនយោបាយកាលពីឆ្នាំ២០១៤ដោយឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅខេត្តឆៀងម៉ៃ។

លោករៀនចប់ថ្នាក់បណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យតិចសាសន៍ (អាមេរិក) និងសព្វថ្ងៃនេះលោកបង្រៀនមុខវិជ្ជាវិស្វកម្មជីវៈ-សុខាភិបាលនៅសាកលវិទ្យាល័យមហ៊ីឌុល (Mahidol) ប្រទេសថៃ។ យោងតាមច្បាប់ស្ដីពីការបោះឆ្នោតនៅប្រទេសថៃ គណបក្សនយោបាយនីមួយៗមានសិទ្ធិស្នើបេក្ខជនរហូតដល់បីរូប។ នៅក្នុងការបោះឆ្នោតលើកនេះ គណបក្សភឿថៃដាក់បេក្ខជនបីនាក់ដូចអាណត្តិមុនដែរ។

បេក្ខជនជម្រើសទី២គឺលោកជូឡាពុន អាម៉នវិវ៉ាត (Julapun Amornvivat) ជាប្រធានគណបក្សភឿថៃ និងជាអតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ។ ចំណែកបេក្ខជនជម្រើសទីបីគឺលោកសុរិយា ជុងរុងរៀងគីត (Suriya Jungrungreangkit) ជាអ្នកនយោបាយជើងចាស់។ នេះបើតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ