ខេត្តសៀមរាប ៖ រថយន្តរបស់លោកវរសេនីយ៍ទោ វេង សៀកហ៊ុយ នាយរងការិយាល័យចរាចរណ៍ខេត្តម្នាក់ សង្ស័យស្រវឹងស្រាបើកបុកខឿនពុះចែកទ្រូងផ្លូវនៅស្តុបកោះកេរិ៍្តទាំងយប់ ត្រូវបានឡានស្ទូចចេញពីកន្លែងកើតហេតុ រួចយកទៅទុកនៅផ្ទះ ដើម្បីជួសជុលប្រើប្រាស់វិញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង២១ និង៥៥នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុបកោះកេរ្តិ៍ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។ .
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលចុះដល់កន្លែងកើតហេតុបានប្រាប់ភ្នាក់ងារកោះ សន្តិភាព នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៥នេះថា បន្ទាប់ពីមានរថយន្តបុកខឿនពុះចែកទ្រូងផ្លូវភ្លាម ក៏នាំគ្នាចេញមកមើល ស្រាប់តែម្នាក់ៗស្រែកថា រថយន្តនេះ គឺជារបស់ប៉ូលិស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប ប្រហែលគាត់ស្រវឹង បើកលឿនហើយ បត់យក ទើបបុកខឿនចែកទ្រូងផ្លូវនោះ បង្កការភ្ញាក់ផ្អើល។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរ បាលជំនាញបានប្រាប់ដែរថា រថយន្តម៉ាកឡិចស៊ី ពណ៌មាស ផ្លាកលេខ សៀមរាប 2C-8744 បើកបរក្នុងទិសដៅពីជើងទៅត្បូង បត់ទៅកើតបាន រួចគេចម៉ូតូជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវនៅកន្លែងស្តុបកោះកេរ្តិ៍នោះជារបស់លោកវរសេនីយ៍ទោ
វេង សៀកហ៊ុយ នាយរងការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ប្រភពបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញមានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកមនុស្សទៅសង្គ្រោះបាត់ហើយភ្លាមៗផងដែរ ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ ក៏បានឱ្យរថយន្តស្ទូចរបស់ប៉ូលិសចរាចរណ៍មកស្ទួចយកទៅទុកនៅស្នាក់ការកណ្តាលចរាចរណ៍មាត់ស្ទឹងសៀមរាបផងដែរ។
ចំពោះខឿនចែកផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដែលសមត្ថកិច្ច មកមើលរថយន្តបុកនោះមិនបានទាមទារសំណងពីម្ចាស់រថយន្តទេ ព្រោះវាតិចតួច ។ នេះបើតាមសម្តីរបស់ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តសៀមរាប បានប្រាប់កាលពីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ។
បច្ចុប្បន្ន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន នៅក្នុងក្រុងសៀមរាប។ ចំណែករថយន្តបង្ក ត្រូវបានគេ យកទៅជួសជុលប្រើប្រាស់ខ្លួនឯងបាត់ហើយ។ មូលហេតុ អ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ។
ចែករំលែកព័តមាននេះ