ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​មិន​ទាន់​សម្រេច​ចិត្ត​លុប​ចោល​ទណ្ឌ​កម្ម​ពី​ប្រទេស​ស៊ីរី​នៅ​ឡើយ​ទេ

2 ថ្ងៃ មុន

ទី​ក្រុង​ដាម៉ាស់៖ ​ជោគ​វាសនា​-អនា​គត​ប្រទេស​ស៊ីរី​ ជា​ពិសេស ការ​រំពឹងថា​ក្រុម​បស្ចិម​ប្រទេស​នឹង​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​ដឹក​នាំ​របស់​លោក​អាល់​អាសាត​​ ឬ​យ៉ាង​ណា​​អាស្រ័យ​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​រដ្ឋា​ភិបាល​ថ្មី។ ជា​ពិសេស អឺរ៉ុប​​ចង់​មើល​ជំហរ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​នយោបាយ​ជាតិ និង​នយោបាយ​ការ​បរទេស​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ លោក​ស្រី​ប៊ែប​ក់​…

ទី​ក្រុង​ដាម៉ាស់៖ ​ជោគ​វាសនា​-អនា​គត​ប្រទេស​ស៊ីរី​ ជា​ពិសេស ការ​រំពឹងថា​ក្រុម​បស្ចិម​ប្រទេស​នឹង​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​ដឹក​នាំ​របស់​លោក​អាល់​អាសាត​​ ឬ​យ៉ាង​ណា​​អាស្រ័យ​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​រដ្ឋា​ភិបាល​ថ្មី។ ជា​ពិសេស អឺរ៉ុប​​ចង់​មើល​ជំហរ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​នយោបាយ​ជាតិ និង​នយោបាយ​ការ​បរទេស​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ លោក​ស្រី​ប៊ែប​ក់​ (Baerbock)​ នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ថ្មី​។​

លោក​ស្រី​​ចង់​ឃើញ​ការ​កែ​សម្រួល​វិស័យ​សង្គម​កិច្ច​ និង​នយោបាយ​។ ក្រុម​ដែល​មាន​និន្នា​ការ​​នយោ​បាយ​ចម្រុះ​រួម​ទាំង​ស្ត្រី​អម្បូរ​ខឺត (Kurd) គួរ​ណាស់​មាន​តួ​នាទី​សំខាន់​ៗ​​​​បើ​រដ្ឋា​ភិបាល​ថ្មី​ចង់​បាន​ការ​គាំទ្រ​ពី​​​អឺរ៉ុប​។ នៅ​ក្នុង​កិច្ច​ជំនួប​រវាង​ប្រមុខ​ការ​ទូត​បារាំង ​និង​អាល្លឺម៉ង់​ជា​មួយ​មេ​ដឹកនាំ​ស៊ីរី​ថ្មី​នោះ​ លោក​ស្រី​ប៊ែ​បក់​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចូល​រួម​បង្កើត​​រដ្ឋា​ភិបាល​​ដែល​ចូល​រួម​ពី​​គ្រប់​​និន្នា​ការ​នយោបាយ​មិន​ថា​របប​ចាស់​ ឬ​របប​ថ្មី​នោះ​ទេ​​រួម​ទាំង​​​​ជន​ជាតិ​ភាគ​តិច​​គួរ​មាន​មុខ​តំណែង​សំខាន់​ៗ​​​ផង​ដែរ​។​​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​អឺរ៉ុប​ត្រៀម​ខ្លួន​គាំទ្រ​​ផ្នែក​នយោបាយ​​​។​ ប៉ុន្តែ​​មិន​ជួយ​ទំនុក​បម្រុង​របប​ដឹក​នាំ​​ថ្មី​នេះ​ភ្លាម​ៗទេ។ រដ្ឋ​មន្ត្រី​ទាំង​២​រូប​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ដាម៉ាស់​លើក​នេះ​ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​ឡើង​វិញ​ជា​មួយ​ប្រទេស​ស៊ីរី​។ ឆ្លៀត​​​នៅ​ក្នុង​ឱកាស​នេះ ពួក​គេ​​​ជំរុញ​​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​​នៅ​ក្នុង​សម័យ​អន្តរ​កាល​។ លោក​ស្រី​ប៊ែ​បក់ និង​លោក​បារ៉ូ (Barrot) ជា​រដ្ឋ​មន្ត្រី​អឺរ៉ុប​ដំបូង​បំផុត​ដែល​ទៅ​បំពេញ​​ធ្វើ​ទស្សន​កិច្ច​នៅ​ស៊ីរី​ចាប់​តាំង​ពី​ការ​ដួល​រលំរបប​លោក​អាល់​អាសាត​។

ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​ជាសារ​ផ្ដាំ​ផ្ញើ​​ទៅ​ក្រុម​អ្នក​នយោបាយ​នៅ​ស៊ីរី​សូម​ធ្វើ​អ្វី​ដោយ​ប្រយ័ត្ន​ប្រយែង​ ហើយ​មិន​ត្រូវ​​មាន​សុ​ទិដ្ឋិ​និយម​ខ្ពស់​ពេក​ថា​​​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ពួក​ឧទ្ទាម​ដែល​ឡើង​កាន់​អំណាច​នោះ​ក៏​ធ្លាប់​ជា​ក្រុម​ឥស្លាម​ដែល​ប្រកាន់​និន្នា​ការ​តឹង​រ៉ឹង​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​​ដំណើរ​ទស្សន​កិច្ច​​ប៉ុណ្ណេះ​អាច​ចាត់​ទុក​ថា​ជា​ការ​ទទួល​ស្គាល់​របប​ដឹក​នាំ​ថ្មី​ផង​ដែរ​។

ជា​ថ្មី​ម្ដង​ទៀត​ អឺរ៉ុប​នៅ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ធ្វើ​ទំនើប​កម្ម​របៀប​ដឹក​នាំ​រដ្ឋ​ មាន​ន័យ​ថា​កុំ​សូវ​បុរាណ ឬ​​ប្រកាន់​តឹង​រ៉ឹង​ពេក​ ហើយ​គួរ​តែ​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ភាគ​តិច​។ ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​អឺរ៉ុប​ត្រៀម​លុប​ចោល​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ឬ​យ៉ាង​ណា​? លោក​ស្រី​ប៊ែ​បក់​បង្ហាញ​ជំហរ​នយោបាយ​ត្រង់​ចំណុច​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង​។

លោក​ស្រី​ថ្លែង​ថា​បញ្ហា​នេះ​អាស្រ័យ​ទៅ​លើ​ដំណើរ​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​ប្រទេស​ស៊ីរី​​។ ​​លោក​ស្រី​ទទួ​លស្គាល់​ថា​មាន​សញ្ញា​វិជ្ជ​មាន​ជា​បណ្ដើរ​ៗ​ហើយ​។ គ្រាន់​តែ​ថា​នៅ​ក្នុង​ដំណាក់​កាល​នេះ​លោក​ស្រី​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​បែប​ណា​ទេ​។ រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​បារាំង​ត្រៀម​ជួយ​ផ្នែក​បច្ចេក​ទេស​ និង​ការ​ប្រឹក្សា​​យោបល់​នៅ​ក្នុង​គម្រោង​តាក់​តែង​រដ្ឋធម្ម​នុញ្ញ​​ថ្មី​៕​

មេ​ដឹក​នាំ​ថ្មី​របស់​ស៊ីរី លោក​អាល់​ជូឡានី (al-Julani)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ