ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្រ្ជឹលផ្ទុះខ្លាំងនៅវៀតណាម តើវានឹងរាលដាលមកកម្ពុជា?

5 ម៉ោង មុន

ថ្វី​ត្បិត​តែ​ចំនួន​ពលរដ្ឋ​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​តិច​ក៏​ពិតមែន ប៉ុន្តែ​ករណី​ឆ្លង​ជំងឺ​កញ្ជ្រឹល​នៅ​វៀតណាម​ផ្ទុះ​ខ្លាំង រហូត​ដល់​ផ្អើល​នាយក​រដ្ឋមន្ត្រី​ចេញ​គោលការណ៍​បង្ហារ និង​ទប់ស្កាត់ ខណៈ​កម្ពុជា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​នៅឡើយ​ទេ ប៉ុន្តែ​ក៏​គួរ​បង្ការ និង​លើកកម្ពស់​ការ​ទប់ស្កាត់​ត្រៀម​អោយ​ហើយ ។ តាម​សេចក្តីរាយការណ៍​របស់​កាសែត Vietnam…

ថ្វី​ត្បិត​តែ​ចំនួន​ពលរដ្ឋ​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​តិច​ក៏​ពិតមែន ប៉ុន្តែ​ករណី​ឆ្លង​ជំងឺ​កញ្ជ្រឹល​នៅ​វៀតណាម​ផ្ទុះ​ខ្លាំង រហូត​ដល់​ផ្អើល​នាយក​រដ្ឋមន្ត្រី​ចេញ​គោលការណ៍​បង្ហារ និង​ទប់ស្កាត់ ខណៈ​កម្ពុជា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​នៅឡើយ​ទេ ប៉ុន្តែ​ក៏​គួរ​បង្ការ និង​លើកកម្ពស់​ការ​ទប់ស្កាត់​ត្រៀម​អោយ​ហើយ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា គិត​ពី​ដើមឆ្នាំ​ដល់​នៅ​ពាក់កណ្តាល ខែមីនា ឆ្នាំ​២០១៥​នេះ វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កញ្ជ្រឹល​ប្រមាណ​ជា​៤០.០០០​នាក់ និង​ស្លា​.​ប់​៥​នាក់ ។

ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ក្រសួងសុខាភិបាល​វៀតណាម បាន​ព្រមាន​ថា ចំនួន​ករណី​សង្ស័យ​ថា​កើត​ជំងឺ​កញ្ជ្រឹល​នឹង​បន្ត​កើនឡើង​នៅ​ទូ​ទាំង​ប្រទេស ។ ជា​ពិសេស តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា ខេត្ត​នៅ​តាម​តំបន់​ភ្នំ ដែល​មាន​ក្រុម​ជនជាតិភាគតិច​រស់នៅ​មាន​កម្រិត​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព ហើយ​តំបន់​ដែល​មាន​អត្រា​ទទួល​ថ្នាំ​បង្ការ​ទាប គឺ​ងាយ​នឹង​ឆ្លង​មេរោគ​ច្រើន​ជាងគេ ។

លោកស្រី ដាវ ហុង​ឡាន (Dao Hong Lan) រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម បាន​និយាយ​ថា ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រែប្រួល​រដូវ​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​រាតត្បាត​កាន់តែ​ស្មុគស្មាញ និង​មិន​អាច​ទាយ​ទុកជា​មុន​បាន ។ លោកស្រី​បាន​ស្នើ​ឱ្យ​តំបន់​ក្នុង​តំបន់​តាមដាន​យ៉ាង​ដិត​ដល់ និង​រាយការណ៍​ពី​ស្ថានភាព​នេះ​ឱ្យ​បាន​ទាន់​ពេល ។ លើស​ពី​នេះ​ទៀត ត្រូវ​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​កម្រិត និង​គ្រប់​វិស័យ មិនមែន​តែ​វិស័យ​សុខាភិបាល​នោះ​ទេ ។

ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កញ្ជ្រឹល​នេះ​បាន​បញ្ជូន​ព័ត៌មាន​ដល់​លោក ផា​ម មិ​ញ​ជិ​ញ ហើយ​លោក​បាន​ចេញ​បទបញ្ជា​ព​ន្លឿ​ន ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រឹល ហើយ​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ និង​គាំទ្រ​ដល់​មូលដ្ឋាន ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ហើយ​បញ្ចប់​វា​មិន​លើស​ពី​ចុងខែ​នេះ ។

លោក​ក៏​សង្កត់ធ្ងន់​ឲ្យ​វិស័យ​សុខាភិបាល​ត្រូវ​តែ​ធានា​ឱ្យ​បាន​គ្រប់គ្រាន់​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល និង​ចែកចាយ​ទាន់​ពេលវេលា​ដល់​មូលដ្ឋាន ហើយ​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​សម្របសម្រួល ដើម្បី​ធានា​បាន​នូវ​ថវិកា​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​សម្រាប់​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ។ បណ្តា​ខេត្ត​ដែល​កំពុង​តែ​ផ្ទុះ​ជំងឺ​នេះ​ក៏​មាន​ខេត្ត​ខ្លះ​ជាប់​នឹង​ព្រំដែន​ប្រទេស​កម្ពុជា​ផង​ដែរ ដូច្នេះ​សូម​ឲ្យ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស គឺ​អនាម័យ​ខ្លួនប្រាណ ។

ចំពោះ​ការ​ផ្ទុះ​ថ្មី​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាននៅ​ឡើយ​ទេ អ្វី​ដែល​មាន​គឺថា ពី​ខែមករា ដល់​ខែធ្នូ កម្ពុជា​ធ្លាប់​កើត​ជំងឺ​នេះ​សរុប​៣៧៥ ករណី ។ ចំនួន​នេះ​នៅ​តិច​នៅឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ដែល​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផ្ទាល់​កុំ​ធ្វេសប្រហែស ពីព្រោះ​កញ្ជ្រឹល​ក៏​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ស​ម្លា​.​ប់ និង​ធ្វើ​ឲ្យ​មនុស្ស​ពិការ​បាន​ដែរ ជា​ពិសេស គឺ​កុមារ ស្រប​ពេល​ដែល​មេរោគ​បង្ករ​ជំងឺ​នេះ​វា​ក៏​ងាយ​នឹង​ឆ្លង​រីក​រាលដាល​ខ្លាំង​ផង​ដែរ ។

ជំងឺ​កញ្ជ្រឹល គឺជា​ប្រភេទ​ជំងឺ​ដែល​មាន​វ៉ាក់សាំង​ចាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​មាន​ករណី​ខ្លះ​មនុស្ស ជា​ពិសេស គឺ​កុមារ​នៅ​តែ​អាច​មាន​ករណី​ឆ្លង​ដែរ ។ ដូច្នេះ​គប្បី​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។

តាម​អ្វី​ដែល​ក្រសួងសុខាភិបាល​ធ្លាប់​បាន​ប្រកាស​កន្លង​មក ជំងឺ​នេះ​វា​អាច​ចម្លង​តាម​ការ​ប៉ះពាល់​អ្នកជំងឺ​តាម​ផ្លូវដង្ហើម ជា​ពិសេស គឺ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​មាន​មេរោគ​សកម្ម ។ អ្នកជំងឺ​ជា​ទូទៅ​មាន​រោគ​សញ្ញា​ហៀរ​សំបោរ ក្អក ភ្នែក​ក្រហម ហូរ​ទឹកភ្នែក​, មាន​ចំណុច​ពណ៌​ស​តូច​ៗ​នៅ​ខាងក្នុង​ថ្ពាល់ កន្ទួល​ក្រហម​លើ​ស្បែក ។

ជំងឺ​នេះ​អាច​បង្ក​ផលវិបាក​ជា​ច្រើន គួរសម​ដែរ ជា​ពិសេស គឺ​ស្លា​.​ប់ ពិការ​ភ្នែក រលាក​ខួរក្បាល រាគ​ធ្ងន់ធ្ងរ ឆ្លង​មេរោគ​ក្នុង​ត្រចៀក បញ្ហា​ផ្លូវដង្ហើម រលាក​សួត ហើយ​ប្រសិនបើ​វា​ឆ្លង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ ហើយ​អាច​បណ្ដាល​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ និង​មាន​ទម្ងន់​ទាប ។ វីរុស​កញ្ជ្រឹល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ងាយ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដទៃ​ទៀត​បង្ក​លក្ខណៈ​ឱ្យ​កុមារ​កាន់តែ​ងាយ​រង​គ្រោះ​ខ្លាំង ។

ដើម្បី​បង្ការ និង​ការពារ​មេរោគ​នេះ មាតា បិតា និង​អាណាព្យាបាល​កុមារ ត្រូវ​តែ​នាំ​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៩​ខែ ដល់​៥៩​ខែ ដែល​មានការ​ខក​ខានមិនបាន​ទទួល​វ៉ាក់សាំង មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ឱ្យ​បាន​ពីរ​ដូ​ស និង​គ្រប់​គ្នា​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​ប្រទេស ។ ប្រ​សិន​ជួប​ករណី​សង្ស័យ​ជំងឺ​កញ្ជ្រឹល ដូច​ជា មាន​រោគ​សញ្ញា ក្តៅខ្លួន​ខ្លាំង ក្អក ហៀរ​សំបោរ និង​កន្ទួល​ក្រហម សូម​នាំ​កុមារ​មក​ពិគ្រោះ​ជំងឺ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក ។

សរុប​ទៅ សូមកុំ​មើល​ស្រាយ​សភាពការណ៍ ខាង​រដ្ឋាភិបាល​ក៏​គួរតែ​លើកកម្ពស់​ការ​ត្រៀមខ្លួន ដើម្បី​កុំអោយ​វា​ផ្ទុះ​បាន​ស្រ​វេ​ស្រវា​រក​ដំណោះស្រាយ ។ ទោះ​វា​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ក៏​ពិតមែន ក៏​វា​អាច​នឹង​ឆ្លង​រីក​រាលដាល​ដល់​ដែរ ។ ដូច្នេះ​គប្បី​យើង​ត្រូវ​តែ​ត្រៀមលក្ខណៈ​ទុកជា​មុន​ឲ្យ​ហើយ ដើម្បី​កុំអោយ​ស្តាយក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ