ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន និង​រុស្ស៊ី​ពន្លះ​គ្នា​១​អស់​ដៃ​ដោយ​ប្រើ​ប្រា​ស់​ដ្រូន​រាប់​រយ​គ្រឿង

16 ម៉ោង មុន

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​សំណើ​នៃ​បទ​ឈប់​បាញ់​ដាក់​ជូន​លោ​កពូទីន​​​ត្រូវ​លោក​ប្រកាស​គាំទ្រ ប៉ុន្តែ​មិន​ចុះ​ហត្ថ​លេខា​ទទួល​យក​ទេ​ រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ពន្លះ​គ្នា​មួយ​អស់​ដៃ​ជា​ថ្មី​ម្ដង​ទៀត​។​ ភាគី​ទាំង​២​ព្យាយាម​យក​ប្រៀប​លើ​គ្នា​ ឬ​យ៉ាង​ហោច​ណាស់​រក្សា​ទឹក​ដី​ដែល​ខ្លួន​កំពុង​គ្រប់​គ្រង​ឱ្យ​​នៅ​ដូច​​ដើម​ដើម្បី​ងាយ​ស្រួល​ត​ថ្លៃ​គ្នា​នៅ​ពេល​​មាន​​ការ​ចរ​ចា​សន្តិ​​ភាព​។ ​រយៈ​ពេល​២​ថ្ងៃ​ សៅរ៍ និង​អាទិត្យ…

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​សំណើ​នៃ​បទ​ឈប់​បាញ់​ដាក់​ជូន​លោ​កពូទីន​​​ត្រូវ​លោក​ប្រកាស​គាំទ្រ ប៉ុន្តែ​មិន​ចុះ​ហត្ថ​លេខា​ទទួល​យក​ទេ​ រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ពន្លះ​គ្នា​មួយ​អស់​ដៃ​ជា​ថ្មី​ម្ដង​ទៀត​។​ ភាគី​ទាំង​២​ព្យាយាម​យក​ប្រៀប​លើ​គ្នា​ ឬ​យ៉ាង​ហោច​ណាស់​រក្សា​ទឹក​ដី​ដែល​ខ្លួន​កំពុង​គ្រប់​គ្រង​ឱ្យ​​នៅ​ដូច​​ដើម​ដើម្បី​ងាយ​ស្រួល​ត​ថ្លៃ​គ្នា​នៅ​ពេល​​មាន​​ការ​ចរ​ចា​សន្តិ​​ភាព​។

​រយៈ​ពេល​២​ថ្ងៃ​ សៅរ៍ និង​អាទិត្យ កង​ទ័ព​ទាំង​សង​ខាង​​​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​ក្លា​។ ពោល​គឺ​ធ្វើ​ឡើង​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ពូទីន​ជួប​ប្រេសិត​ពិសេស​របស់​លោក​​ត្រាំ​។ អ៊ុយ​ក្រែន និង​រុស្ស៊ី​អះ​អាង​ថា​យន្ត​ហោះ​ដ្រូន​របស់​ភាគីម្ខាងៗ​ជាង​១​រយ​គ្រឿង​បាន​ហោះ​ទៅ​វាយ​ប្រហារ​ទី​តាំង​របស់​ខ្លួន​។ នេះ​បើ​​​​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី (AP)​។

លោក​ពូទីន​ថ្លែង​ថា​លោក​គាំទ្រ​ស្មារតី​ជា​រួម​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​។​ ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​សរ​សេរ​ឡើង​វិញ​ឱ្យ​បាន​ច្បាស់​លាស់ និង​លម្អិត​ជាង​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​ផ្ញើ​ទៅ​ឱ្យ​លោក​ត្រាំ​វិញ​នូវ​លក្ខ​ខណ្ឌ​មួយ​ចំនួន​សម្រាប់​ជា​ការ​ពិចារណា​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​សរ​សេរ​បទ​ឈប់​បាញ់​នៅ​​ពេល​ក្រោយ​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​និយាយ​បែប​ដេញ​ជើងថា​បើ​លោក​ពូទីន​ពិត​ជា​គាំទ្រ​បទ​ឈប់​បាញ់​មែន​ គាត់​គួរ​ណាស់​ចុះ​ហត្ថ​លេខា​​យល់​ព្រម​​​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្មី​ៗ​នេះ លោក​ហ្សេឡិន​ស្គី​ចោទ​ប្រកាន់​ថា​រុស្ស៊ី​កំពុង​ពង្រឹង​កម្លាំង​យោធា​បន្ថែម​ទៀត​នៅ​តាម​ព្រំ​ដែន​។ នៅ​ក្នុង​ន័យ​នេះ លោក​យល់ថា​ទី​ក្រុង​ម៉ូស្គូ​មាន​ចេត​នា​មិនចង់​ដោះ​ស្រាយ​បញ្ហា​តាម​ការ​ទូត​ទេ។​​ ប៉ុន្តែ​ចង់​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​។ លោក​ហ្សេឡិនស្គី​យល់​ថាបើ​រុស្ស៊ី​មិន​ទទួ​លយក​បទ​ឈប់បាញ់​ទេ អាមេរិក​គួរ​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​រុស្ស៊ី​។​

កាល​ពី​យប់​មិញ អ៊ុយ​ក្រែន​ថា​ខ្លួន​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​​​១៧៨​គ្រឿង​របស់​រុស្ស៊ី​​។ រុស្ស៊ី​ក៏​បាន​បាញ់​មីស៊ីល​ផ្លោង​ប្រភេ​ទ​បល​លីស​ស្ទីក (ballistic) ​២​គ្រាប់ចូល​ទឹក​ដី​​​អ៊ុយ​ក្រែន​ផង​ដែរ។​ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បាន​ប្រើ​ប្រាស់​​ចម្រុះ​គ្នា​នូវ​ដ្រូន​​អត្ត​ឃាត​របស់​អ៊ីរ៉ង់​ម៉ាក​សាហ៊ីត​ផង​ (Shahed) និង​ដ្រូន​ធម្មតា​ផង​ដើម្បី​​បោក​បញ្ឆោត​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។

​អ៊ុយ​ក្រែន​ក៏​​មិន​ណយ​ប៉ុន្មាន​ដែរ​​បាន​បញ្ជូន​ដ្រូន​​​វាយ​ប្រហារ​​ទី​ក្រុង​វ៉ុល​ហ្គោ​ក្រាត​ (Volgograd) របស់​រុស្ស៊ី​ ប៉ុន្តែ​​​​ត្រូវ​ខែល​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​បាញ់​ទម្លាក់​​។​ បំណែក​របស់​​ដ្រូន​​​​បាន​បង្ក​ជា​អគ្គិ​ភ័យ​នៅ​​​ក្បែរ​រោង​ចក្រ​ចម្រាញ់​ប្រេង​។ ព្រលាន​យន្ត​ហោះ​នៅ​ក្បែរ​នោះ​​​ត្រូវ​ផ្អាក​ដំណើរ​ការជា​បណ្ដោះ​អាសន្ន​​។ ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​គ្មានមនុស្ស​ស្លាប់​ ឬ​របួស​ទេ។​​

ផល​វិបាក​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​
សង្គ្រាម​រយៈ​ពេល​ជាង​បី​ឆ្នាំ​នេះ​បាន​ឆក់​យក​ជីវិត​យុទ្ធ​ជន​រុស្ស៊ី និង​អ៊ុយ​ក្រែន​ច្រើន​ណាស់​ព្រោះ​សង្គ្រាម​នេះ​មិន​សាមញ្ញ​ពេក​ទេ​​។ ថ្វី​ដ្បិត​ពី​សម្បក​ក្រៅ​​ជា​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ ប៉ុន្តែ​អាមេរិក​ទទួល​ស្គាល់​ថា​វា​ជា​សង្គ្រាម​ប្រយោល​រវាង​រុស្ស៊ី​ និង​មហា​អំណាច​បស្ចិម​ប្រទេស​​ដោយ​ខ្ចី​ដៃ​របស់​អ៊ុយ​ក្រែន​សម្រាប់​ប្រើ​ប្រាស់​​។ សារ​ព័ត៌​មាន​ហ៊ីន​ឌូ​ស្ថាន​ថាមស៍​របស់​​ឥណ្ឌា​ (Hindustan Times) បាន​​ដក​ស្រង់​ប្រភព​ពី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​មក​ចុះ​ផ្សាយ​ថា​រុស្ស៊ី​ស្លាប់​ និង​របួស​ជាង១​​សែន​នាក់​។ ​

រុស្ស៊ី​ក៏​ខាត​បង់​លុយ​មិន​ស្ទើរ​ដែរ​ព្រោះ​​ត្រូវ​ចំណាយ​លើ​ប្រាក់​ឧបត្ថម្ភ​បេសក​កម្ម​​, ចំណាយ​ទៅ​លើ​អាវុធ​យុទ្ធ​ភ័ណ្ឌ​ និង​​​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ និង​​ហិរញ្ញ​វត្ថុ​ថែម​ទៀត​​។​ សម្រាប់​​អ៊ុយ​ក្រែន​ ក្រៅ​ពី​ស្លាប់​ និង​របួស​ជាង​​​១​សែន​នាក់​ ​អ៊ុយ​ក្រែន​ក៏​រង​គ្រោះ​ខ្លាំង​ផ្នែក​សេដ្ឋ​កិច្ច​ដូច​គ្នា​​។ ក្រៅ​ពី​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ មនុស្ស​ធម៌ សង្គម​កិច្ច​ក៏​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ផង​ដែរ​។

ជា​លទ្ធ​ផល​នៃ​សង្គ្រាម​ រុស្ស៊ី​គ្រប់​គ្រង​២០%​នៃ​ទឹក​ដី​អ៊ុយ​ក្រែន​។ អ៊ុយ​ក្រែន​កាល​ពី​មុន​នេះ​គ្រប់​គ្រង​ទឹក​ដី​រុស្ស៊ី​បាន​ច្រើន​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​​​នៅ​តំបន់​ខឺស​។ ប៉ុន្តែ​​ឥឡូវ​នេះ​​ឮ​ថា​ពួក​គេ​បាន​របូត​ទឹក​ដី​ទាំង​នោះ​ទៅ​​​ ហើយ​កំពុង​ជាប់​​ការ​ឡោម​ព័ទ្ធ។ បើ​មិន​លើក​ដៃ​សូម​ចុះ​ចាញ់​ទេ​​មាន​ផ្លូវ​ស្លាប់១​​មុខ​គត់​។ ប៉ុន្តែ​ហ្សេឡិន​ស្គី​ប្រកែក​ថា​កង​ទ័ព​របស់​​គាត់​​​នៅ​តែ​ប្រយុទ្ធ​គ្នា​ជា​បន្ត​ទៀត​​។​

ដោយ​ឡែក​ ក្រុម​បស្ចិម​ប្រទេស​ថ្វី​ដ្បិត​មិន​បាន​បញ្ជូន​ទ័ព​ជា​ផ្លូវ​ការ​ទៅ​ច្បាំង​ដោយ​ផ្ទាល់​ ប៉ុន្តែ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ខ្លួន​ក៏​ទៅ​ជួយ​ច្បាំង​នៅ​អ៊ុយ​ក្រែន​ផង​ដែរ​។ អាមេរិក និង​អឺរ៉ុប​​បាន​ចំណាយ​លុយ​ជាង​​២៦០​ពាន់​លាន​ដុល្លារ​​ដើម្បី​​ជួយ​អ៊ុយ​ក្រែន​។ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ថ្លែង​ថា​​រដ្ឋ​ជា​សមាជិក​អង្គ​ការណាតូ​បាន​ផ្ដល់​ជំនួយ​ទៅ​អ៊ុយ​ក្រែន​ជាង​៥០​ពាន់​លាន​ដុល្លារ​។​

ដូច្នេះ​សរុប​ទៅ​មិន​​ក្រោម​៣០០​ពាន់​លាន​ដុល្លារ​នោះ​ទេ​គ្រាន់​តែ​ផ្ដល់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​​របស់​គេហ​ទំព័រ​ប៊ីប៊ី​ស៊ី​របស់​អង់​គ្លេស​។ លោក​ត្រាំ​ឥឡូវ​នេះ ចាប់​ផ្ដើម​​ប្រើ​ថវិកា​យ៉ាង​ត្បិត​ត្រៀត​សន្សំ​សំចៃ​ជា​ទី​បំផុត​ និង​ផ្ដាច់​ជំនួយ​ខ្ទេច​ខ្ទី​អស់​ហើយ​ដើម្បី​ប្រមូល​លុយ​ទៅ​ជួយ​អ៊ុយ​ក្រែន​។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចង់​​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ