ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ លោកត្រាំលេងមួយអស់ដៃដាក់ពួកឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែនដើម្បីកុំឱ្យពួកគេធ្វើខ្លាំងដៃពេក។ ពួកគេហាក់ដូចជាបានធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងក្លានៅសមុទ្រក្រហមដោយរំខានកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ទីនោះជារឿយៗ។ ពេលខ្លះ ពួកគេឡើងទៅប្លន់ និងចាប់ជំរិតអ្នកបើកកប៉ាល់យកទៅឃុំឃាំងថែមទៀតផង។
ដូច្នេះ ជាការឆ្លើយតប លោកត្រាំបញ្ជាឱ្យវាយប្រហារតាមជើងអាកាសប្រឆាំងនឹងឧទ្ទាមដែលមានប្រទេសអ៊ីរ៉ង់នៅពីក្រោយខ្នង ឬហៅម៉្យាងទៀតថាជាកូនចៅរបស់អ៊ីរ៉ង់ក៏បានដែរ។ អ្នកខ្លះចាត់ទុកថាការវាយប្រហារនោះជាយុទ្ធនាការទ្រង់ទ្រាយធំបណ្ដាលឱ្យស្លាប់យ៉ាងតិច៣១នាក់។ គេហទំព័រអាល់ចាស៊ីរ៉ា (al Jazeera) ផ្សាយថាស្លាប់៣២នាក់។ បញ្ហាមិនទាន់បិទបញ្ចប់ត្រឹមនេះទេ អាមេរិកនឹងបន្តវាយប្រហារជាច្រើនថ្ងៃទៅមុខទៀត។
មិនត្រឹមតែវាយប្រហារកូនចៅអ៊ីរ៉ង់ប៉ុណ្ណោះទេ លោកត្រាំឆ្លៀតព្រមានអ៊ីរ៉ង់ដែលជាមេធំរបស់ហ៊ូទីថែមទៀតថាអ៊ីរ៉ង់ត្រូវតែឈប់គាំទ្រពួកហ៊ូទីបើមិនចង់មានរឿងវែងឆ្ងាយដល់អ៊ីរ៉ង់ខ្លួនឯង។ ត្រាំថាបើអ៊ីរ៉ង់ហ៊ានធ្វើអ្វីដែលបង្កការគំរាមកំហែងចំពោះផលប្រយោជន៍ជាតិរបស់អាមេរិក អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវគ្រប់យ៉ាង។ មានន័យថាអាមេរិកអាចនឹងវាយទាំងអ៊ីរ៉ង់ទៀត។
ទោះបីត្រាំនិយាយបែបហ្នឹងក៏ដោយ ក៏អ៊ីរ៉ង់មិនអាចឃាត់ចិត្តខ្លួនឯងឱ្យនៅស្ងៀមបានឡើយ។ មេបញ្ជាការកំពូលនៃឆ្នាំបដិវត្តអ៊ីរ៉ង់ដែលជាកងទ័ពដ៏មានឥទ្ធិពលនៅមជ្ឈិមបូព៌ាបានបញ្ចេញប្រតិកម្មតបទៅនឹងរឿងនេះ។ គាត់ថាហ៊ូទីជាចលនាតស៊ូប្រដាប់អាវុធដែលឯករាជ្យ-ម្ចាស់ការលើខ្លួនឯង។ ដូច្នេះអ៊ីរ៉ង់គ្មានបានបង្គាប់បញ្ជាពួកគេឱ្យធ្វើបែបនេះ ឬបែបនោះទេ។ មេបញ្ជាការឆ្មាំបដិវត្ត លោកហូសេន សាឡាមី (Hossein Salami) សូមព្រមានទៅពួកសត្រូវថាអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត និងដ៏មហន្តរាយបំផុតបើពួកគេហ៊ានធ្វើសកម្មភាពដូចពាក្យសម្ដីរបស់ពួកគេនិយាយមែន។
ការវាយប្រហារដែលមន្ត្រីរដ្ឋាភិបាលអាមេរិកបង្ហើបឱ្យដឹងថាអាចនឹងបន្តធ្វើរយៈពេលជាច្រើនសប្ដាហ៍ទៅមុខទៀតនោះជាយុទ្ធនាការយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ាចាប់តាំងពីលោកត្រាំស្បថចូលកាន់តំណែ។ ម៉្យាងទៀត យុទ្ធនាការនេះធ្វើឡើងនៅពេលវ៉ាស៊ីនតោនបន្តដាក់សម្ពាធកាន់តែខ្លាំងទៅលើអ៊ីរ៉ង់ដើម្បីកៀងគរឱ្យអ៊ីរ៉ង់ចូលតុចរចានុយក្លេអ៊ែរ។
លោកត្រាំបង្ហោះសារនយោបាយនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថា «លោកសូមផ្ញើសារនេះជូនទៅក្រុមភេរវករហ៊ូទីទាំងអស់ឱ្យបានជ្រាបថាពេលវេលារបស់ពួកគេអស់ហើយ។ ពួកគេត្រូវតែបញ្ឈប់ការវាយប្រហារទាំងស្រុងដោយចាប់អនុវត្តពីថ្ងៃនេះតទៅ។ បើមិនព្រមបញ្ឈប់ទេ ពួកគេអ្នកនឹងទទួលរងមហន្តរាយដែលមិនធ្លាប់ជួបប្រទះពីមុនមក»។
អ្នកនាំពាក្យក្រុមហ៊ូទីនប្រកាសថាមនុស្សយ៉ាងតិច៣១នាក់ស្លាប់ និង១០១នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អាមេរិក។ ភាគច្រើនជាស្ត្រី និងកុមារ។ ការិយាល័យនយោបាយរបស់ក្រុមហ៊ូទីចាត់ទុកថានេះឧក្រិដ្ឋកម្មសង្គ្រាម។ ហ៊ូទីចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយប្ដេជ្ញាត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការបង្កភាពតានតឹងកាន់តែខ្លាំង។
បើគិតត្រួសៗ ការវាយប្រហារនោះត្រូវចំទីតាំងបីកន្លែង។ ទី១-បាញ់ត្រូវចំអគារមូលដ្ឋានធំរបស់ហ៊ូទី។ នោះជាការផ្ទុះដ៏ខ្លាំងក្លាប្រៀបបាននឹងការរញ្ជួយដី។ ទី២-អាមេរិកក៏វាយប្រហារមូលដ្ឋានយោធារបស់ហ៊ូទីនៅទីក្រុងថាអ៊ីស (Taiz) ភាគខាងលិចប្រទេសយេម៉ែនផងដែរ។ ទី៣-វាយប្រហារទៅលើរោងចក្រអគ្គិសនីនៅទីក្រុងដាហ៊ីយ៉ាន (Dahyan)ធ្វើឱ្យដាច់ភ្លើងអគ្គិសនី។
អ្នកនាំពាក្យមន្ទីរបញ្ចកោណថ្លែងថាមូលហេតុដែលនាំឱ្យអាមេរិកវាយប្រហារហ៊ូទីព្រោះហ៊ូទីវាយប្រហារទៅលើនាវាចម្បាំងរបស់អាមេរិក១៧៤ដង និងនាវាដឹកទំនិញរបស់អាមេរិក១៤៥ដងចាប់តាំងពីឆ្នាំ២០២៣។ កាលពីពេលកន្លងមក ក្រុមហ៊ូទីបញ្ជាក់ថាមូលហេតុដែលខ្លួនវាយប្រហារដើម្បីបង្ហាញការរួបរួមសាមគ្គីគ្នាជាមួយប៉ាឡេស្ទីនប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា៕
ចែករំលែកព័តមាននេះ