មានស្ត្រីកម្ពុជាចំនួនជិត១០០នាក់ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេបានសង្គ្រោះដោយអាជ្ញាធរចិនពីការជួញដូរមនុស្ស ។
តាមសេចក្តីប្រកាសព័ត៌មានមួយ ពីការិយាល័យអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មីៗនេះបានឲ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែមេសា សមត្ថកិច្ចចិន បានធ្វើការបញ្ជូនពលរដ្ឋខ្មែរដែលរងគ្រោះ ក្នុងករណីជួញដូរមនុស្សពីចិនឲ្យវិលត្រឡប់មកកម្ពុជាវិញ សរុប៤២ករណី ដែលមានស្ត្រី៩៨ នាក់ ក្នុងនោះ៥៩នាក់ បានត្រឡប់ទៅគេហដ្ឋានពួកគេវិញហើយ ខណៈ៣៩ នាក់ កំពុងត្រូវបានមើលថែដោយនាយកដ្ឋានគាំពារជនរងគ្រោះ និងការពារអនីតិជន ក្រោមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ដូច្នេះ នេះ គឺសារមួយពញ្ញាក់នារីកម្ពុជាឲ្យប្រុងប្រយ័ត្នរឿងនេះ ដើម្បីចៀសវាងចា.ញ់បោ.កគេរឿងរៀបការជាមួយបរទេស ឬស្វែងរកការងារនៅក្រៅប្រទេស ។
ជាការពិត ជោគវាសនាមនុស្សវាមិនដូចគ្នាទាំងអស់នោះទេ ។ នៅក្នុងចំណោមនារីជាច្រើន ដែលបានប្រឹងប្រែងកែប្រែជោគវាសនារបស់ខ្លួនតាមវិធីសាស្ត្ររកស្វាមីបរទេស គឺមានអ្នកដែលមានសុភមង្គល និងលើកកម្ពស់កិត្តិយស និងទ្រព្យសម្បត្តិគ្រួសារក៏មានច្រើន ។ ប៉ុន្តែអ្វីដែលបារម្ភ គឺករណីស៊យត្រូវប៉ះចំករណី ដូចលើកឡើងខាងលើ ។
កន្លងមក ករណីដែលនារីកម្ពុជារងគ្រោះភាគច្រើនដែលគេបានរាយការណ៍ គឺមានទាក់ទងនឹងចិន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត ។ នារីទាំងនោះត្រូវបានគេជ្រើសរើសតាមរយៈក្រុមបុគ្គលដែលមានបណ្តាញនៅក្នុងប្រទេសនិងបណ្តាញក្រៅប្រទេស ។ ពួកគេត្រូវបានអាជ្ញាធរចាត់វិធានការតឹងរឹង ប៉ុន្តែនៅតែមានករណីបែបនេះលេចធ្លាយ និងបន្តដំណើរការជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ