ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​ខ្លួន​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​រហូត​ដល់​លោ​កត្រាំ​ចាក​ចេញ​ពី​សេត​វិមាន

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​បាល​របស់​លោក​ដូណាល់​ត្រាំ​​ជម្រាប​ជូន​សមាជិក​ព្រឹទ្ធ​សភា​ថា​ជំនួយ​ជា​ទឹក​ប្រាក់​សម្រាប់​អ៊ុយ​ក្រែន​៤​រយ​លាន​ដុល្លារ​ដែល​ព្រឹទ្ធ​សភា​បាន​អនុ​ម័ត​​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​​នោះ​ មិន​មែន​មាន​ន័យ​ថា​​ចំណាយ​អស់​ប៉ុណ្ណឹង​គឺ​លែង​ផ្ដល់​ឱ្យ​ទៀត​នោះ​ទេ។ ខ្លួន​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​រហូត​ដល់​ឆ្នាំ​២០២៩​​។ កាល​ពី​ខែ​ឧសភា ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាជិក​ព្រឹទ្ធ​សភា​ដើម្បី​​រៀប​រាប់​​​ថា​ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ​។ នេះ​បើ​យោង​តាម​ប្រភព​សម្ងាត់​ម្នាក់​ដែល​ដឹង​អំពី​សំណុំ​​ឯក​សារ​នោះ​។ ក្រុមគណ​បក្ស​ប្រជា​ធិបតេយ្យ​​ និង​សមាជិក​ខ្លះ​របស់​គណ​បក្ស​សា​ធារណរដ្ឋ​រិះ​គន់​ថា​មន្ទីរ​បញ្ចកោណ​នៅ​បង្អែ​បង្អង់​មិន​ព្រម​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ឱ្យ​បាន​ឆាប់​រហ័ស​បន្ទាប់ពី​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ទាំង​២​បាន​អនុម័ត​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ​។

ពីរ​ខែ​បន្ទាប់​ពី​ការ​ផ្ញើលិខិត​នោះ ជំនួយ​នៅ​តែ​មិន​ទាន់​បញ្ចេញ​យក​មក​ប្រើ​នៅឡើយ​ទេ​។ ព្រឹទ្ធ​សភា​ធ្លាប់​បាន​តវ៉ា​ជា​ច្រើន​ដង​ហើយ​ថា​ការ​បញ្ចេញ​សាច់​ប្រាក់​សម្រាប់​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មាន​ភាព​យឺត​យ៉ាវ​។ លោក​ហ្សេឡិនស្គី​ត្រៀម​ជួប​លោក​ត្រាំ​នៅ​យប់​នេះដើម្បី​ជំរុញ​ឱ្យ​អាមេរិក​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ឱ្យ​បាន​លឿន​ និង​ដើម្បី​ចុះ​កិច្ច​សន្យា​ជា​មួយ​អាមេរិក​ទៅ​លើ​គម្រោង​ផលិត​ដ្រូន​។ បន្ទាប់​ពី​ជួប​គ្នា​រួច លោក​នឹង​ឡើង​ថ្លែង​នៅ​ក្នុង​វិមាន​កាពីតូល​នៅ​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មួយ​រយ​នាក់​។ ចំណែក​សមាជិក​រដ្ឋ​សភា​មិន​បាន​នៅ​វិមាន​នោះ​ទេ​ព្រោះ​ពួក​​គេ​កំពុង​ដើរ​លំហែ​កាយ​រដូវ​ក្ដៅ​។​

សមាជិក​ព្រឹទ្ធ​សភា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ដែល​មន្ទីរ​បញ្ចកោណ​មិន​បញ្ជូន​ជំនួយ​ឱ្យ​បាន​ទាន់​សភាព​ការណ៍​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ លោក​ដូណាល់​ត្រាំ​​ហាក់​ដូច​ជា​ប្រកាន់​ឥរិយាបថ​បែប​វិជ្ជ​មាន​ចំពោះ​អ៊ុយ​ក្រែន​។ លោក​ចុះ​ហត្ថ​លេខា​លើ​សំណើ​មួយ​ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​អ៊ុយ​ក្រែន​ផលិត​ប្រព័ន្ធ​មីស៊ីល​កា​រពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ផ្ទាល់​តែ​ម្ដង​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ឱ្យ​តម្រុយ​ថា​​អាច​នឹង​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ជា​ថ្មី​។ ​កាល​ពី​ខែ​មេសា ព្រឹទ្ធ​សមាជិក​មក​ពី​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោ​ក​មីច​ម៉ាក់​ខឺ​ណល (Mitch McConnell) បាន​ចេញ​ផ្សាយ​បទ​វិចារណ​កថា​មួយ​រិះ​គន់​ការ​ផ្ដល់​ជំនួយ​យោ​ធា​​យឺត​យ៉ាវ​។

គម្រោង​ផ្ដល់​ជំនួយ​ដូច​ដែល​មាន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​លិខិត​នោះ​រួម​មាន​ការ​កសាង​សមត្ថ​ភាព​ ការ​ផ្ដល់​គ្រឿង​បរិក្ខារ​ បណ្ដុះ​បណ្ដាល​ និង​សេវា​កម្ម​ផ្សេងៗ​សម្រាប់​កង​ទ័ព​អ៊ុយ​ក្រែន​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​វាយ​លុក​របស់​​រុស្ស៊ី​។ ក្នុង​នោះ ​ជំនួយ​២០០​លាន​ដុល្លារ​សម្រាប់​ទិញ​អាវុធ គ្រាប់​រំសេវ​ និង​គ្រាប់​បែក​។ ជំនួយ​ ៩៩,៩​លាន​ដុល្លារ​សម្រាប់​ទិញ​រថ​យន្ត​ គ្រឿង​បន្លាស់​ និង​គ្រឿង​បរិក្ខារ​ និង​១០០​លាន​ដុល្លារ​ទៀត​សម្រាប់​សេវា​កម្ម​ផ្សេង​ៗ​ដូច​ជា​ការ​ដឹក​ជញ្ជូន​ជា​ដើម​។ យោង​តាម​ច្បាប់​របស់​អាមេរិក​ ប្រ​ធានា​ធិបតី​ត្រូវ​តែ​អនុ​វត្ត​ការ​ផ្ដល់​ជំនួយ​ដែល​ព្រឹទ្ធ​សភា​បាន​អនុ​ម័ត​រួច​ហើយ​ ហើយ​មិន​អាច​រា​រាំង​ជំនួយ​នោះ​បាន​​ទេ​​៕ ប្រភព៖ Reuters