ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយរវល់ទៅធ្វើការ ផ្ញើកូនអាយុជាង២ឆ្នាំ ឱ្យជីដូនមើលថែ ស្រាប់តែប្រទះឃើញល.ង់ស្លា.ប់ក្នុងទឹកពាង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុក​ម្តាយ​រវល់​ទៅ​ធ្វើការ​ងារ​បាន​ផ្ញើរ​កូនស្រី​អាយុ​ជា​២​ឆ្នាំ អោយ​ជីដូន​មើលថែ ស្រាប់តែ​ប្រទះ​ឃើញ​លង់​ស្លាប់​ក្នុង​ទឹក​ពាង បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧​ខែ កក្កដា​ឆ្នាំ​២០២៦ នៅចំណុច​ផ្ទះ​ជន​រង​គ្រោះ ​ក្នុង​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សព​ក្មេង​រង​គ្រោះ ឈ្មោះ សុធា គង់​ស្រី​នាថ ភេទ​ស្រី អាយុ​២​ឆ្នាំ​៧​ខែ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ម៉​ម តុលា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ត្រូវជា​យាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នាង​ខ្ញុំ​នៅផ្ទះ​មើល​ចៅ​ៗ​តូច​ចំនួន​៤​នាក់ ហើយ​កូន​ៗ​នាង​ខ្ញុំ​ចេញ​ទៅ​ធ្វើការ​តាំងពី​ព្រឹក​លុះ​ល្ងាច​ឡើង​ទើប​ត្រឡប់​មក​ផ្ទះ​វិញ កន្លង​មក​ចៅស្រី​​របស់គាត់​តែងតែ​តោង​ឡើង​ទៅ​លើ​ពាង​ដើម្បី​លេង​ទឹក ពេលឃើញ​បែបនេះ គាត់​តែងតែ​ស្ដីបន្ទោស និង​ចាប់​ដាក់​មក​ក្រោម​វិញ​។ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ ​គាត់​កំពុង​មើល​ចៅ​ផ្សេង​ៗ ស្រាប់តែ​បាត់​មិនឃើញ​ចៅស្រី ​គាត់​ក៏​ដើរ​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ​ហើយ​ក៏​ស្រង់​ឡើង​តែ​មិនដឹង​ខ្លួន ហើយ​គាត់​ក៏​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ពេល​មក​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ពិនិត្យ​រួច ប្រាប់​ថា ចៅគាត់របស់គាត់​បាន​​ស្លាប់​បាត់​ទៅ​ហើយ ។

ករណី​នេះ​បន្តិច​ក្រោយមក​ក៍​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ពិនិត្យទីតាំង​កើតហេតុ​និង​កោសល្យវិច័យ​សព​ក្មេង​រង​គ្រោះ​ផង​ដែរ ។

យោង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ព័ត៌មាន​ប្រមូល​បាន និង​ការ​បញ្ជាក់​ពី​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ សន្និដ្ឋាន​បាន​ថា ស្លាប់​ដោយសារ​ឈ្លក់ទឹក​នៅ​ក្នុង​ពាង​។

ក្រោយ​កើតហេតុ ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ក្មេង​រង​គ្រោះ​រួច​ហើយ ក៍​ប្រគល់​អោយ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕