ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីកើតទុក្ខសុខចិត្តរឿងរ៉ាវដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ រវាងប្រជាពលរដ្ឋនិងអ្នកមានលុយមានឥទ្ឋិពល ថ្មីៗនេះកោះសន្តិភាពទើបទទួលបាននូវ ដីកាបញ្ជូនរបស់នាយកខុទ្ទកាល័យរបស់សម្តេចមហាបវរធិបតី លេខ៣១៥ ខន/០២៥ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ផ្ញើទៅឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យដោះស្រាយជូនតាមសំណើររបស់ប្រជាពលរដ្ឋចំនួន១៣៣គ្រួសារ ។
សេចក្តីរាយការណ៏បានឲ្យដឹងថា បណ្ដឹងរបស់ប្រជាពលរដ្ឋគឺ ពួកគាត់ស្នើសុំឲ្យបង្កើតក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតី លើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៣៤ ក្បាលដី ទំហំ២៤៥. ៤២ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី និងសុំមោឃភាពវិញ្ញាបនបត្រទាំងនោះ ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ផ្ទៃដីដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន៣៤ក្បាលដីទៅឱ្យបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ តាមរយៈលិខិតលេខ៣៤៥០ដនស/ខុទ្ទ ចុះថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២៤ នោះ គឺសុទ្ធសឹងតែត្រួតស៊ីគ្នាជាមួយដីដែលពួកគាត់កំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ។
បើតាមពលរដ្ឋថា ពួកគាត់បានមករស់នៅ និងអាស្រ័យផលលើដីនេះ តាំងតែពីឆ្នាំ២០០៥ ខ្លះមុនហ្នឹងផង ។ ក្រោយមកតាមរយ:ក្រសួងកសិកម្មរដ្ឋបានធ្វើសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន អ៊ូជីសាន និងហូលីង ដើម្បីដាំដើមស្រល់ ។ លុះ ដល់ឆ្នាំ២០១៥ ពួកគាត់ក៍ចូលមកកាន់កាប់ រស់នៅ និងអាស្រ័យផលបន្តទៀត ។ ប៉ុន្តែជាមួយគ្នាក៍មានព័ត៌មានថា ឈ្មោះ សាន សូត្រ និងអតីតចៅសង្កាត់ស្ពានមានជ័យឈ្មោះ សាក់ ហ៊ាន រួមទាំងមន្ត្រីជំនាញខិលខូចក្នុងខេត្តបានបង្កើតឯកសារក្លែងបន្លំហ៊ុំព័ទ្ធយកដីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផងទៅលក់ឱ្យឈ្មោះ ឈាង ប៉ាក់សួរ ។
ប៉ុន្តែឯកសារដែលពុំមានភាពប្រក្រតីទាំងនោះត្រូវបាននិរាករណ៍អស់ហើយដោយលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ៣៨ សជណ.កធ ថ្ងៃទី២១ មករា ឆ្នាំ២០២១ ចុះហត្ថលេខា ដោយឯកឧត្តម ខូយ ឃុនហ៊ួរ ។ សជណ ក៏បានជំរុញឲ្យចាត់វិធានការច្បាប់ចំពោះអ្នកបំប្លែងឯកសារនោះផងដែរ ។ហេតុនេះបានធ្វើឲ្យពួកគាត់រស់នៅ និងអាស្រ័យផលដោយសុខសាន្តអស់ច្រើនឆ្នាំមកហើយ និងនៅអំឡុងខែកញ្ញា ឆ្នាំ ២០២៣ អាជ្ញាធរនិងជំនាញសុរិយោដី ក៏បានចុះមកជំរឿនក្បាលដីដែលពួកគាត់កំពុងរស់នៅ ដែលធ្វើឲ្យកាន់តែកក់ក្ដៅថែមទៀត។
ស្រាប់តែនៅព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តក៏បានកោះហៅប្រជាពលរដ្ឋឱ្យចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីជាមួយភាគី ឈាង ប៉ាក់សួរ ប៉ុន្តែដោយភាគីលក់ដីឲ្យ ឈាង ប៉ាក់សួរ ឈ្មោះ សាន សូត្រ ហៅប្លោក គេចវេះមិនព្រមចូលតុប្រជុំដោះស្រាយ បានធ្វើឲ្យកិច្ចប្រជុំដែលដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្តដំណើរការមួយភ្លែតក៏បិទទៅវិញ ។ ត្រង់នេះសរបញ្ជាក់ឲ្យឃើញថា ភាគីលោក ឈាង ប៉ាក់សួរ អាចចាញ់បោកទិញដីខ្យល់ពីឈ្មោះ សាន សូត្រ យ៉ាងពិតប្រាកដ ។
ប៉ុន្តែយ៉ាងណាក្ដី ដើម្បីសុចរិតភាព និងយុត្តិធម៌ ភាគីប្រជាពលរដ្ឋគ្រាន់តែស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នជំនាញចាត់ក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីទៅលើឯកសារនានាដែលនាំទៅដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យទាំង៣៤ក្បាលដី មោឃភាពវិញ្ញាបនបត្រទាំងនោះចោល និងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចបំភ្លៃឯកសារបោកប្រាស់ថ្នាក់ដឹកនាំ ធ្វើឲ្យរាស្ត្ររងទុក្ខតែប៉ុណ្ណោះ ។ ចាំមើលតើជនខិលខូចទាំងប៉ុន្មាននេះគេចផុតពីច្បាប់ដែរអត់?
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ