រាជធានីភ្នំពេញ ៖ ស្ថានីយប្រេងនៅរាជធានីភ្នំពេញ មានជាង៤០០កន្លែង ហើយខណៈតម្លៃប្រេងបានឡើងថ្លៃដោយសារមានសង្គ្រាម រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល រួមជាមួយសហរដ្ឋអាមេរិក មានស្ថានីយប្រេងជិត៥០កន្លែងបានផ្អាកអាជីវកម្ម តែមិនមានបង្កឱ្យមានចលាចលក្នុងសង្គមឡើយ ។នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានី
ភ្នំពេញ ។

លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញមានស្ថានីយប្រេងឥន្ធនៈចំនួន៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាមរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលរួមជាមួយសហរដ្ឋអាមេរិក តម្លៃប្រេងបានឡើងថ្លៃ ដែលធ្វើឱ្យស្ថានីយប្រេងចំនួនជិត៥០កន្លែងបានផ្អាកអាជីវកម្ម ដោយសារមានបញ្ហាផ្គត់ផ្គង់ពីក្រុមហ៊ុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនបានបង្កឱ្យមានចលាចលក្នុងសង្គមឡើយ ។
ស្ថានីយប្រេងឥន្ធនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងថ្លៃស្រេចតែចិត្តនោះទេ គឺបានអនុវត្តតម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់ ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយប្រេង គោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈនាពេលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ។ កាលពីមុន១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណា កុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម ។

បន្ថែមពីនេះ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ទៅតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦នេះ ៕


ចែករំលែកព័តមាននេះ