ទីក្រុងបាងកក ៖ កងទ័ពជើងទឹកថៃបានប្រកាសថា កប៉ាល់ដឹកទំនិញធុនធ្ងន់របស់ថៃ១គ្រឿង ដែលធ្វើដំណើរក្នុងច្រកសមុទ្រហ័រមូស (Hormuz) រងការវាយប្រហារ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយសមាជិកនាវិក ២០នាក់ ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។
រូបថតដែលបានចែករំលែកដោយកងទ័ពជើងទឹកភូមិន្ទថៃបង្ហាញពីផ្សែងខ្មៅក្រាស់ហុយចេញពីតួ និងផ្នែកខាងលើនៃកប៉ាល់ Mayuree Naree ដែលចុះបញ្ជីជាកម្មសិទ្ធិប្រទេសថៃ។ កងទ័ពជើងទឹកថៃបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់នេះ ត្រូវបានវាយប្រហារ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីចាកចេញពីកំពង់ផែ Khalifa ប្រទេសអារ៉ាប់រួម។ ដោយបានបន្ថែមថា ព័ត៌មានលម្អិតជាក់លាក់ និងមូលហេតុនៃការវាយប្រហារកំពុងស្ថិតក្រោមការស៊ើបអង្កេត។ របាយការណ៍បានបន្តថា កងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះនាវិកចំនួន ២០នាក់ ហើយកំពុងបន្តដើម្បីជួយសង្គ្រោះសមាជិកនាវិក ៣ នាក់ផ្សេងទៀត។
កងទ័ពជើងទឹកថៃបានឱ្យដឹងថា កប៉ាល់ Mayuree Naree គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនថៃមួយឈ្មោះ Precious Shipping។ ស្របពេលភាគីក្រុមហ៊ុនរាយការណ៍ថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះសមាជិកនាវិក៣នាក់ ខណៈដែលនាវិកចំនួន ២០នាក់ដែលត្រូវបានជួយសង្គ្រោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយឥឡូវនេះកំពុងនៅប្រទេសអូម៉ង់។ ក្រុមហ៊ុនបានបន្ថែមថា កប៉ាល់របស់ខ្លួន ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងចំនួន ២ គ្រាប់។
សូមជម្រាបថា អ៊ីរ៉ង់បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាងនាំចេញប្រេងរបស់ខ្លួន ដោយគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រហ័រមូស និងធ្វើឱ្យសេដ្ឋកិច្ចថាមពលពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ភ្លាមៗថា តើឧប្បត្តិហេតុកប៉ាល់ Mayuree Naree ជាមួយមួយស្ថិតក្នុងចំណោមកប៉ាល់ពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេសបានអះអាងពីមុនថា ត្រូវបានវាយប្រហារក្នុងឈូងសមុទ្រ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឬអត់នោះទេ?
គេហទំព័រតាមដាននាវាបង្ហាញថា កប៉ាល់ Mayuree Naree ដែលមានប្រវែង ១៧៨ ម៉ែត្រ និងមានទម្ងន់ ៣ ម៉ឺនតោន ស្ថិតនៅជិតឆ្នេរសមុទ្រអូម៉ង់ក្នុងច្រកសមុទ្រហ័រមូស ដោយធ្វើដំណើរយឺតៗ ដោយបន្ថែមថា កប៉ាល់នេះ កំពុងធ្វើដំណើរទៅកាន់កំពង់ផែទីក្រុង Kandla ប្រទេសឥណ្ឌា៕ ប្រភព ៖ CNA
ចែករំលែកព័តមាននេះ