ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ប្រាប់​ពិភពលោក​ឱ្យ​ត្រៀមខ្លួន​សម្រាប់​តម្លៃ​ប្រេង​២០០​ដុល្លារ​ក្នុង​១​ធុង

3 ម៉ោង មុន

អន្តរជាតិ ៖ អ៊ី​រ៉​ង់​បាន​ប្រកាស​ថា ពិភពលោក​គួរតែ​ត្រៀមខ្លួន​សម្រាប់​ប្រេង​នៅ​ក្នុង​តម្លៃ ២០០ ដុល្លារ​ក្នុង​១​បារ៉ែល (​ធុង​) ខណៈ​កងកម្លាំង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែមីនា…

អន្តរជាតិ ៖ អ៊ី​រ៉​ង់​បាន​ប្រកាស​ថា ពិភពលោក​គួរតែ​ត្រៀមខ្លួន​សម្រាប់​ប្រេង​នៅ​ក្នុង​តម្លៃ ២០០ ដុល្លារ​ក្នុង​១​បារ៉ែល (​ធុង​) ខណៈ​កងកម្លាំង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ បាន​វាយប្រហារ​បណ្តា​កប៉ាល់​ដឹក​ជញ្ជូន​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​ប្រកាស​អំពី​ការ​បញ្ចេញ​ស្តុក​យុទ្ធសាស្ត្រ​យ៉ាងច្រើន ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​មួយ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជិត​២​ស​ប្តា​ហ៍​មុន បាន​សម្លាប់​មនុស្ស​ប្រហែល ២ ពាន់​នាក់ ភាគច្រើន​ជា​ជនជាតិ​អ៊ី​រ៉​ង់ និង​លី​បង់ ខណៈ​ដែល​សង្គ្រាម​បាន​រីក​រាលដាល​ដល់​ប្រទេស​លី​បង់ និង​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល និង​ការ​ដឹក​ជញ្ជូន​សកល​ជួប​ភាព​វឹកវរ​ខ្លាំង​។

បើ​ទោះបីជា​មន្ទីរ​បញ្ច​កោណ​បាន​អះអាង​អំពី​ការ​វាយប្រហារ​តាម​អាកាស​ដ៏​ខ្លាំងក្លា​បំផុត​របស់​អា​មេ​រិ​ក ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ក៏​ដោយ ក៏​អ៊ី​រ៉​ង់​មក​ទល់​ពេល​នេះ នៅ​តែ​បាញ់​មី​ស៊ី​ន​ស្រោច​លើ​អ៊ី​ស្រា​អែ​ល និង​គោលដៅ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូ​ទាំង​តំបន់​មជ្ឈិមបូព៌ា ដែល​ជាក់​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ដោយ​បង្ហាញ​ថា ខ្លួន​នៅ​តែ​អាច​វាយបក​វិញ​គ្រប់ពេល​។

តួយ៉ាង​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ កប៉ាល់ ៣ គ្រឿង ត្រូវ​បាន​រាយការណ៍​ថា រង​ការ​វាយប្រហារ​ក្នុង​ដែនទឹក​ឈូង​សមុទ្រ ខណៈ​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​អះអាង​ថា កងកម្លាំង​ខ្លួន​បាន​បាញ់​ទៅ​លើ​កប៉ាល់​ក្នុង​ឈូង​សមុទ្រ​ណា​ដែល​មិន​ស្តាប់បង្គាប់​ពួក​គេ​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​ការ​ជួបជុំ​អ្នកគាំទ្រ​នៅ​រដ្ឋ​កេ​ន​តាក់​គី (Kentucky) បាន​លើក​ឡើង​ថា លោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់ ដើម្បី​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ ដោយ​លោក​និយាយ​ថា «​យើង​បាន​ឈ្នះ​សង្គ្រាម (​អ៊ី​រ៉​ង់​) ប៉ុន្តែ​សហរដ្ឋអាមេរិក​មិន​ទាន់​ចង់​ត្រឡប់​ទៅ​វិញ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តងនោះ​ទេ​។ ដូច្នេះ​យើង​ត្រូវ​តែ​បញ្ចប់​រាល់​កិច្ចការ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ