ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​នៅ​ភូមិ​ចំការ​តែ ត្រូវ​បាន​ស្ថាបនា​រួចរាល់ ជា​ចំណងដៃ​ជូន​ពលរដ្ឋ និង​សិស្សា​នុសិស្ស​ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ

3 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង អាជ្ញាធរ​សង្កាត់​ស្ពាន​មាន​ជ័យ បាន​សម្រេច​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ថ្មី​មួយ​ខ្សែ​រួចរាល់​ជា​ស្ថាពរ និង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ក្នុងភូមិ​ចំការ​តែ ក្រុង​សែន​មនោ​រម្យ​។…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង អាជ្ញាធរ​សង្កាត់​ស្ពាន​មាន​ជ័យ បាន​សម្រេច​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ថ្មី​មួយ​ខ្សែ​រួចរាល់​ជា​ស្ថាពរ និង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ក្នុងភូមិ​ចំការ​តែ ក្រុង​សែន​មនោ​រម្យ​។

លោក គុ​ជ ម៉េ​ង​ធូ ចៅសង្កាត់​ស្ពាន​មាន​ជ័យ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ពី​មុន​មាន​សភាព​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​នៅ​រដូវវស្សា​។ លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ដោយសារ​កត្តា​ភូមិសាស្ត្រ​ផ្លូវ​មាន​សភាព​ចំណោត​ខ្លាំង និង​មាន​អូរ​ហូរ​ឆ្លងកាត់ រួម​ផ្សំ​នឹង​អាកាសធាតុ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​ច្រើន បាន​ធ្វើ​ឱ្យ​ទឹក​ហូរ​ច្រោះ​ដី​ផ្លូវ​ក្លាយជា​ជង្ហុក​ធំ​ៗ បង្ក​ជា​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នេះ រដ្ឋបាល​សង្កាត់​បាន​សម្រេច​លើកយក​គម្រោង​ស្ថាបនា​ផ្លូវ​នេះ ជា​អាទិភាព​ក្នុង​ផែនការអភិវឌ្ឍន៍​ឆ្នាំ​២០២៥​។ ដំណើរការ​សាងសង់​បាន​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០២៥ និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ​២០២៦​នេះ ដែល​មាន​ប្រវែង​៤៣០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​១៥​សង្ទីម៉ែត្រ ។

សមិទ្ធផល​ថ្មី​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ការ​ធ្វើ​ដំណើរ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ចំណងដៃ​ដ៏​សំខាន់​សម្រាប់​ក្មួយ​ៗ​សិស្សានុសិស្ស ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ប្រកបដោយ​សុវត្ថិភាព និង​ភាព​ងាយស្រួល​។​ក្រៅពី​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ រដ្ឋបាល​សង្កាត់​ស្ពាន​មាន​ជ័យ បាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ទៀត នៅ​ភូមិ​អូរ​ស្ពាន ដែល​មាន​ប្រវែង​២៦៣​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​១៥​សង្ទីម៉ែត្រ ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​ចៅសង្កាត់​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា​សមិទ្ធផល​នេះ​ឱ្យ​បាន​ល្អ កុំ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់ និង​ការ​ចូលរួម​សម្អាត​បរិស្ថាន​ជុំវិញ​ផ្លូវ ដើម្បី​ធានា​ឱ្យ​ផ្លូវ​បេតុង​នេះ​មានគុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​សម្រាប់​ជា​ប្រយោជន៍​រួម​ក្នុង​សហគមន៍​។

គួរ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ ជា​ពិសេស​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ