សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានកាហ្វេជាប្រចាំ មិនត្រឹមតែជួយឱ្យស្មារតីស្រឡះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារយ៉ាងរឹងមាំសម្រាប់សុខភាពថ្លើមផងដែរ។
តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលញ៉ាំកាហ្វេមានអត្រាទាបក្នុងការកើតជំងឺថ្លើមធ្ងន់ធ្ងរ ដូចជាជំងឺមហារីកថ្លើម ជំងឺក្រិនថ្លើម និងជំងឺថ្លើមដុះជាតិខ្លាញ់ដែលមិនមែនបង្កឡើងដោយគ្រឿងស្រវឹង។ ជាពិសេស ការញ៉ាំកាហ្វេត្រឹមតែ ២ ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានរហូតដល់ ៤៤% ហើយការញ៉ាំលើសពី ៣ ពែងអាចជួយកាត់បន្ថយភាពរឹងរបស់ថ្លើម ដែលជាសញ្ញានៃការខូចខាតកោសិកាថ្លើម។
អត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះកើតចេញពីសារធាតុគីមីជាង ១,០០០ ប្រភេទដែលមាននៅក្នុងកាហ្វេ រួមមានសារធាតុ Paraxanthine ដែលជួយពន្យារការកកើតជាលិកាស្លាកស្នាមនៅក្នុងថ្លើម និងសារធាតុ Kahweol ក៏ដូចជា Cafestol ដែលមានសមត្ថភាពប្រឆាំងនឹងកោសិកាមហារីក។ ទោះបីជាអ្នកកំពុងមានបញ្ហាថ្លើមស្រាប់ដូចជា រលាកថ្លើមប្រភេទ B ឬ C ក៏ដោយ ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យមអាចជួយឱ្យជំងឺវិវត្តទៅរកភាពធ្ងន់ធ្ងរកាន់តែយឺត។ ទោះជាយ៉ាងណា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត អ្នកគួរទទួលទានកាហ្វេដែលមិនមានបន្ថែមស្ករ រួមជាមួយការរក្សារបបអាហារមានតុល្យភាព ការកាត់បន្ថយគ្រឿងស្រវឹង និងការហាត់ប្រាណឱ្យបានទៀងទាត់៕
ចែករំលែកព័តមាននេះ