ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ ថៃមានទុក្ខជាទម្ងន់បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ខ្លួនបើកកាត់ច្រកសមុទ្រហ័រម៉ូសដែលអ៊ីរ៉ង់បានដាក់ជាតំបន់ក្រហមជាច្រើនថ្ងៃមកហើយ។ ព័ត៌មានបឋមផ្សាយថានាវារបស់ថៃមួយគ្រឿងរងការវាយប្រហារបណ្ដាលឱ្យឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ និងបញ្ចេញផ្សែងហុយទ្រលោមពេញផ្ទៃអាកាស។ ប្រភពខ្លះអះអាងថាអ្នកបម្រើការនៅលើនាវានោះចំនួនម្ភៃនាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។ ចំណែក៣នាក់ទៀតបាត់ខ្លួនរហូតមកដល់ពេលនេះមិនទាន់ដឹងថាស្លាប់ ឬរស់នៅឡើយទេ។ នេះបើយោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃផ្សព្វផ្សាយកាលពីមុននេះបន្តិច។

ក្រសួងដដែលនេះប្រកាសថាក្រោយពេលមានគ្រាប់មីស៊ីលបាញ់ទៅត្រូវចំកប៉ាល់នោះ បុគ្គលិកបម្រើការនៅលើនោះមិននៅបង្អែបង្អង់យូរទេ។ ពួកគេចាប់ទាញទូកកៅស៊ូតូចៗទម្លាក់ទៅលើទឹកសមុទ្រ និងជិះគេចខ្លួនចេញពីកប៉ាល់ដែលឆេះ។ ក្រោយមក កងទ័ពជើងទឹករបស់ប្រទេសអូម៉ង់ (Oman) ជួយសង្គ្រោះពួកគេឱ្យរួចផុតពីសេចក្ដីស្លាប់។ អាជ្ញាធរអះអាងថាហេតុការណ៍ផ្ទុះឆេះកប៉ាល់របស់ថៃនោះកើតឡើងនៅផ្នែកកន្សៃ បណ្ដាលឱ្យមានភ្លើងឆេះនៅបរិវេណម៉ាស៊ីនកប៉ាល់ចំពេលដែលអ្នកបាត់ខ្លួនទាំងបីនាក់កំពុងតែបំពេញការងារនៅកន្លែងនោះ។

តាមរយៈរូបភាពជាវីឌីអូក្ដី ជារូបថតសន្លឹកក្ដី ដែលសាក្សីនៅនឹងកន្លែងកើតហេតុថតបាន និងបង្ហោះនៅលើបណ្ដាញសង្គម គេឃើញផ្សែងដ៏ខ្មៅងងឹតហោះហើរចេញពីកប៉ាល់ដែលរងការបាញ់ប្រហារ មើលទៅគួរឱ្យព្រឺព្រួចណាស់។ ទីភ្នាក់ងារព័ត៌មានអេអឹនអាយរបស់ឥណ្ឌា (ANI) បង្ហោះរូបកប៉ាល់ឆេះ អមដោយការសរសេរអក្សរពីលើនោះថាកប៉ាល់ដឹកទំនិញមួយគ្រឿងដែលដោតទង់ជាតិប្រទេសថៃបានរងការបាញ់ប្រហារនៅក្បែរច្រកសមុទ្រហ័រម៉ូស បណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងបង្ខំឱ្យអ្នកបម្រើការនៅលើនោះ២៣នាក់ជម្លៀសខ្លួន។

រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សបាត់ខ្លួនទាំងបីនាក់។ នេះបើយោងតាមក្រសួងដឹកជញ្ជូនថៃ។ ក្រសួងអះអាងថាគេមិនទាន់ដឹងអំពីមូលហេតុអ្វីបានជាកប៉ាល់នេះរងការវាយប្រហារ? ហើយក៏មិនដឹងថាតើគ្រាប់មីស៊ីលនោះជាស្នាដៃរបស់អ្នកណា ឬប្រទេសណាទេ? នាវាដែលមានឈ្មោះថាមយូរី ណារី បាងកក (Mayuree Naree Bangkok) រងការវាយប្រហារដោយមីស៊ីលនៅពេលបើកជិតដល់ដែនសមុទ្រប្រទេសអ៊ីរ៉ង់។ មុនពេលកើតហេតុ នាវានេះចាកចេញដំណើរពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមសំដៅទៅប្រទេសឥណ្ឌា។

កងទ័ពជើងទឹកប្រទេសអូម៉ង់មិនទាន់បញ្ចេញរបាយការណ៍លម្អិតពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកបម្រើការនៅលើនាវានោះទេ ហើយក៏មិនទាន់បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងការខូចខាតនាវានោះនៅឡើយដែរ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតចាប់ផ្ដើមពិនិត្យមើលសំណុំរឿងនេះជាបណ្ដើរៗហើយ។ ហេតុការណ៍នេះកើតឡើងចំពេលដែលស្ថានការណ៍សឹកកំពុងតែឡើងកម្ដៅខ្លាំងនៅក្នុងសង្គ្រាមមួយទល់នឹងពីររវាងអ៊ីរ៉ង់ និងអាមេរិក-អ៊ីស្រាអែល។

នៅក្នុងស្ថានភាពនេះ បណ្ដាក្រុមហ៊ុនដែលផ្ដល់សេវាដឹកទំនិញកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្នុងការដឹកជញ្ជូនតាមកប៉ាល់កាត់តាមច្រកសមុទ្រដ៏តូចចង្អៀត (ហ័រម៉ូស)។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការរារាំង ឬរហូតដល់គំរាមកំហែងបាញ់កម្ទេចពីសំណាក់យោធាអ៊ីរ៉ង់ទៅលើកប៉ាល់ណាដែលខ្លួនយល់ថាមានចរិតព្រហើន មិនព្រមស្ដាប់ការព្រមានរបស់ខ្លួន។ ក្រុមហ៊ុនខ្លះសុខចិត្តបើកកប៉ាល់ជៀសពីច្រកសមុទ្រហ័រម៉ូស និងបើកផ្លូវវាងដើម្បីធានាសុវត្ថិភាព។

តើលោកត្រាំនឹងគិតយ៉ាងណាទៀតចំពោះបញ្ហានេះ? ទើបតែកន្លងផុតទៅថ្មីៗនេះប៉ុណ្ណោះ លោកត្រាំទាមទារឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៉ូស។ បើមិនដូច្នេះទេ លោកថាយោធាអាមេរិកនឹងបង្កើនការវាយប្រហារលើសមុនម្ភៃដង។ លោកថាលោកធ្វើនេះដើម្បីជាកាដូសម្រាប់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀតដែលត្រូវការដឹកទំនិញកាត់ច្រកសមុទ្រហ័រម៉ូស៕ ប្រភព៖ ថាមស៍ អូហ្វ ឥណ្ឌា (Times Of India) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ