ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​សិង្ហ​បុរី ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែមីនា អំឡុង​ពេល…

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែមីនា អំឡុង​ពេល នាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សិង្ហ​បុរី​ថា ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ឡើង​នៅ​ក្នុង​ការ​លើកកំពស់​ទំនាក់ទំនង​ទ្វេរ​ភាគី ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក វី​វៀន បា​ឡា​គ្រី​ស្សណាន់ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ភាគី​ទាំង​ពីរ បាន​រក្សា​ទំនាក់​ទំនងជា​ប្រចាំ តាម​ការ​ផ្លាស់​ប្តូរ​ការ​សួរសុខទុក្ខ និង​នឹករលឹក​ពី​គ្នា ។

លោក​បាន​បញ្ជាក់​ថា “​ភាគី​ទាំង​ពីរ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​ចំណងមិត្តភាព​ទ្វេភាគី​ដ៏​យូរអង្វែង ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម​ក្នុង​តំបន់​” ។

ជំនួប​ខាងលើ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម ក៏​ដូច​ជា​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​លើ​វឌ្ឍនភាព​ថ្មី​ៗ នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ។

នៅ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២៦​នេះ អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា សិង្ហ​បុរី​នៅ​ពេល​នេះ​បាន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​បម្រើ​សេចក្តី​ត្រូវការ​របស់​កម្ពុជា​លំដាប់​ទី​៣ បន្ទាប់​ពី ចិន និង​វៀតណាម ខណៈ​ដែល​កាលពី​ឆ្នាំ​មុន គឺ​ថៃ​ឈរ​នៅ​លំដាប់​នេះ​។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែកុម្ភៈ កម្ពុជា​បាន​បញ្ជា​ទិញ​ទំនិញ​ផ្សេង​ៗ​ពី​សិង្ហ​បុរី​មាន​តម្លៃ​ដល់​ទៅ ៣២២,៥​លាន​ដុល្លារ កើនឡើង​រហូត​ដល់​ទៅ ២០៩,៣​ភាគរយ​ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ