ទីក្រុងប៉េកាំង៖ ប្រទេសចិនមិនគាំទ្រឱ្យសម្ព័ន្ធមិត្តខ្លួនវាយប្រហារទៅលើប្រទេសដទៃទេនៅក្នុងសង្គ្រាមរវាងអ៊ីរ៉ង់ ទល់នឹងអាមេរិក និងអ៊ីស្រាអែល។ ថ្ងៃនេះ ប្រទេសចិននិយាយដោយប្រយោលមិនបញ្ចេញឈ្មោះប្រទេសអ៊ីរ៉ង់ទេថាខ្លួនមិនឯកភាពលើការវាយប្រហារទៅលើបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រទេ។ ប្រទេសចិនថ្កោលទោសទាំងអស់រាល់ការវាយប្រហារណាក៏ដោយដែលប្រឆាំងនឹងជនស៊ីវិល ឬគោលដៅមិនមែនយោធា។

តាមពិត សារនយោបាយរបស់ប្រទេសចិនប៉ះពាល់ទាំងសងខាង ទាំងអាមេរិក-អ៊ីស្រាអែល និងទាំងអ៊ីរ៉ង់។ ប៉ុន្តែនេះជាករណីដ៏កម្រដែលប្រទេសចិនហ៊ាននិយាយលះៗរិះគន់សម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួន (អ៊ីរ៉ង់)កំពុងតែជាប់ដៃវាយគ្នាមួយទល់នឹងពីរ។ ការថ្លែងដូចខាងលើនេះធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោកគួរជាឃុន (Guo Jiakun)។ សេចក្ដីប្រកាសនេះធ្វើឡើងនៅពេលដែលស្ថានការណ៍នៅមជ្ឈិមបូព៌ាមិនទាន់ធូរស្បើយនៅឡើយទេ។

លោកគួជាឃុនថ្លែងបន្តទៀតថាអ្វីដែលជាចំណុចអាទិភាពនៅចំពោះមុខដែលភាគីទាំងសងខាងត្រូវតែធ្វើគឺបញ្ឈប់ប្រតិបត្តិការសឹកទាំងស្រុងនៅក្នុងពេលឥឡូវនេះ និងទប់ស្កាត់មិនឱ្យជម្លោះនេះរីករាលដាលកាន់តែខ្លាំង។ ចិនយល់ថាមានតែការសន្ទនាគ្នា និងការចរចាគ្នាដើម្បីធ្វើឱ្យមានសន្តិភាពឡើងវិញតែប៉ុណ្ណោះទើបអាចរួចចាកផុតពីសង្គ្រាមនេះ។ ចិនសូមជំរុញឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន។ ចិនយល់ថាការដែលអាមេរិក និងអ៊ីស្រាអែលនៅពេលកំពុងចរចាគ្នាជាមួយអ៊ីរ៉ង់សុខៗដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរស្រាប់តែទៅវាយប្រហារអ៊ីរ៉ង់ទាំងកម្រោលបែបនេះជាការរំលោភច្បាប់អន្តរជាតិច្បាស់ណាស់។ ប្រទេសនានាគួរគោរពអធិបតេយ្យភាព, សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ។

ក្រឡេកទៅមើលសមរភូមិយោធាវិញម្ដង ថ្ងៃនេះ អ៊ីរ៉ង់បានពន្លះអ៊ីស្រាអែលមួយអស់ដៃ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRIB ចាត់ទុកថាជាការផ្លោងមីស៊ីលដ៏ច្រើនបំផុតមិនធ្លាប់មានទៅលើអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ហេតុនេះ ប្រព័ន្ធការពារដែនអាកាសត្រូវជាប់រវល់ខ្លាំងក្នុងការតាមបាញ់ទម្លាក់គ្រាប់មីស៊ីលអ៊ីរ៉ង់។ សង្គ្រាមនេះក៏ប៉ះពាល់ច្រកសមុទ្រហ័រម៉ូសដែលមានសារសំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវទឹកផងដែរ។

នាវាដឹកទំនិញមួយគ្រឿងរងការបាញ់ប្រហារដោយគ្រាប់មីស៊ីលនៅហ័រម៉ូសបណ្ដាលឱ្យឆេះហុយផ្សែងទ្រលោម។ បុគ្គលិកនៅលើកប៉ាល់នោះត្រូវជម្លៀសខ្លួនជាបន្ទាន់។ នៅឯតំបន់មាត់សមុទ្រនៃប្រទេសអារ៉ាប់រួមឯណោះ កប៉ាល់ដឹកទូកុងតេណឺក៏រងការបាញ់ប្រហារផងដែរ។ ប៉ុន្តែបុគ្គលិកនៅលើនាវាមិនបានទទួលរងគ្រោះអ្វីទេ។ អារ៉ាប៊ីសាអូឌីតថ្លែងថាខ្លួនបានបាញ់ទម្លាក់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់មួយចំនួនដែលហោះទៅវាយប្រហារមូលដ្ឋានយោធា និងតំបន់ប្រេងកាតភាគខាងកើតប្រទេសនេះ។ ឆ្មាំបដិវត្តអ៊ីរ៉ង់ទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីល២គ្រាប់សំដៅទៅមូលដ្ឋានកងទ័ពអាមេរិកនៅគូវែត។

មានព័ត៌មានចុះផ្សាយអំពីការផ្ទុះគ្រាប់មីស៊ីល ឬគ្រាប់បែកយ៉ាងកងរំពងនៅទីក្រុងដូហា (Doha) ប្រទេសកាតា។ ចំណែកអ៊ីស្រាអែលវាយប្រហារទីក្រុងបេរូតរបស់ប្រទេសលីបង់ និងតំបន់ជាយក្រុងបេរូតភាគខាងត្បូងដើម្បីដេញតាមក្រុមហេសបូឡា។ នៅវ៉ាស៊ីនតោន អាមេរិកប្រកាសថាខ្លួនបានបាញ់កម្ទេចអូប័រ១៦គ្រឿងដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់ដាក់បង្កៃ ឬពង្រាយគ្រាប់មីននៅក្នុងទឹកក្បែរច្រកសមុទ្រហ័រម៉ូស។ អាមេរិកចាត់វិធានការយ៉ាងក្ដៅគគុកដល់ថ្នាក់នេះបន្ទាប់ពីទទួលបានដាវអាជ្ញាសឹកពីលោកត្រាំ។ លោកបានស្រែកមួយវ៉ាស់ថាបើសិនអ៊ីរ៉ង់ហ៊ានដាក់មីននៅលើច្រកសមុទ្រនេះប្រាកដជាមានរឿងធំជាមួយគ្នាជាមិនខាន៕ ប្រភព៖ រ៉យទ័រ (Reuters), អេកូណូមិច ថាមស៍ (Economic Times) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ