រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង ។
សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា៖ ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា ។
ពាក់ព័ន្ធរឿងនេះ សម្តេចតេជោក៏បានគូសបញ្ជាក់ដែរថា «ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេ រឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានលើកឡើងថា៖ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង ។ សម្តេចបានសង្កត់ធ្ងន់ថា «អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង» ។
សម្តេចតេជោក៏បានលើកឡើងថា ជាង៤៧ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ ៕
ចែករំលែកព័តមាននេះ