ក្រសួងសាធារណការ និងរដ្ឋបាលខេត្តមណ្ឌលគិរី ប្តេជ្ញាលុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីការពារនិរន្តរភាពផ្លូវថ្នល់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការពារអាយុកាលកាលប្រើប្រាស់នៃផ្លូវថ្នល់រក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
ក្នុងឱកាសនោះ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍សង្កត់ធ្ងន់ថា អាជ្ញាធរខេត្តនឹងមិនបណ្តោយឱ្យមានការដឹកជញ្ជូនដែលបំផ្លាញទ្រព្យសម្បត្តិរដ្ឋនោះឡើយ ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត នឹងពង្រឹងការងារទប់ស្កាត់ និងបង្ក្រាបរាល់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រោះការតទ្រុងខុសច្បាប់គឺជាមូលហេតុចម្បងដែលនាំឱ្យមានការផ្ទុកលើសទម្ងន់ ។ យើងនឹងចុះផ្សព្វផ្សាយផ្ទាល់ដល់ទីតាំងអាជីវកម្ម ហើយក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មណាមិនសហការ ឬមិនរាងចាល យើងនឹងចាត់វិធានការផ្អាកអាជីវកម្មបណ្តោះអាសន្ន ឬឈានដល់ការបិទតែម្តង ។ លោកអភិបាលរងបន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រសួងគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់ក្នុងភូមិសាស្ត្រខេត្តឱ្យបានជាដាច់ខាត ។
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានមានប្រសាសន៍ដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ។ ឯកឧត្តមបានលើកឡើងថា ការគោរពច្បាប់គឺជាកាតព្វកិច្ចរួម ដើម្បីថែរក្សាផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរតាមអាយុកាលបច្ចេកទេស ។
ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ពិសេសអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ម្ចាស់អាជីវកម្មដឹកជញ្ជូនធុនធ្ងន់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាថាគ្មានការដឹកជញ្ជូនលើសទម្ងន់កើតមានតទៅទៀត ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងអភិបាលរងក្រុង-ស្រុកទាំង៥ និងតំណាងក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូនជាច្រើនរូបទៀត ៕











ចែករំលែកព័តមាននេះ