ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ អំពាវនាវ​ដល់​អតីត​ពលករ​ ដែល​ធ្វើ​ការងារ​ខាង​សំណង់​ថៃ ចុះ​ឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ ​ទទួលស្គាល់​ជំនាញ​ពី​មុន​

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL)​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ ដើម្បី​បំប្លែង​បទ​ពិសោធ​ជាក់ស្តែង​ឱ្យទៅ​ជា​វិញ្ញាបនបត្រ​ទទួល​ជំនាញ​ផ្លូវការ​ ។ លោក…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​មក​ចុះ​ឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL)​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ ដើម្បី​បំប្លែង​បទ​ពិសោធ​ជាក់ស្តែង​ឱ្យទៅ​ជា​វិញ្ញាបនបត្រ​ទទួល​ជំនាញ​ផ្លូវការ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៩ ខែមេសា​នេះ​ថា ការ​រៀបចំ​ការ​ធ្វើតេស្ត RPL ជូន​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ថៃ​ដោយ​ឥត​គិតថ្លៃ​នេះ ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​និង​ទទួលស្គាល់​លើ​មុខ​ជំនាញ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​ថៃ ​។

លោក​បន្ត​ថា មុខ​ជំនាញ​ដែល​គ្រោង​អនុវត្ត​មាន​ចំនួន ៨​មុខ​ជំនាញ នៅ​ក្នុង​វិស័យ​សំណង់ ដែល​ពួក​គាត់​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ និង​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​។ ជំនាញ​ទាំង ៨​នោះ​រួម​មាន ការងារ​កំបោរ (​រៀប​ឥដ្ឋ​និង​បូក​) ការងារ​ការ៉ូ ការ​ដំឡើង​ពុម្ព ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការងារ​រន្ទា ការ​ដំឡើង​សរសៃដែក និង​ការ​ផ្សារ​អគ្គិសនី​ ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​៖ «​ការ​ចុះ​ឈ្មោះ​ធ្វើតេស្ត RPL​ដោយ​ឥត​គិតថ្លៃ​នេះ គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ គឺ​យើង​ផ្តល់​ឱកាស​ដល់​ពួក​គាត់​ដែល​មាន​ជំនាញ​ពិតប្រាកដ ប៉ុន្ដែ​មិន​ទាន់​មានការ​ទទួលស្គាល់​មុខ​ជំនាញ​ជា​ផ្លូវការ ឬ​គុណវុឌ្ឍិ​របស់​ពួក​គាត់​»​ ។

លោក ស៊ុន មេ​សា បន្ថែម​ថា សម្រាប់​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ នឹង​ទទួល​បានការ​ស្គាល់​សមត្ថភាព មានឱកាស​ការងារ​ល្អ ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​ក្លាយជា​បុគ្គលិក​ក្នុង​ប្រព័ន្ធ ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ក៏​ដូច​ជា​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ក៏​ដូច​ជា​ជំរុញ​ការ​សិក្សា​ពេញ​មួយ​ជីវិត ​។

សម្រាប់​អ្នក​វិនិយោគ​វិញ​នឹង​បាន​យល់​ដឹង​ពី​កម្រិត​ជំនាញ​បុគ្គលិក​ភ្លាម​ៗ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​បណ្តុះបណ្តាល​បុគ្គលិក​ដែល​មាន​ជំនាញ​ស្រាប់ ធានា​ស្តង់ដា គុណភាព​ការងារ និង​បង្កើន​ទំនុកចិត្ត​វិនិយោគ ជា​ពិសេស​អាច​បង្ហាញ​ដៃគូ​ពី​កម្លាំង​កម្មករ​ដែល​មាន​ជំនាញ​ស្តង់ដា​ខ្ពស់​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា ​។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ដល់​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ក្នុង​ជំហាន​ទី​១ ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦​នេះ ​។

ចំពោះ​ការ​ធ្វើតេស្ដ​នេះ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​ទាំង​៩ រួម​មាន​៖ ១-​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC), ២-​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI), ៣-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI), ៤-​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI), ៥-​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (NPIA) នៅ​ខេត្តសៀមរាប​, ៦-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង (RPITSSR) នៅ​ខេត្តស្វាយរៀង​, ៧-​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) នៅ​ខេត្តបាត់ដំបង​, ៨-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ​, និង ៩-​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ (RPITST) ខេត្តតាកែវ ​៕ អត្ថបទសហការ