ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់រាល់សកម្មភាពក្មេងទំនើង ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពហិង្សាដោយចេតនា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ពីជនរងគ្រោះចំនួន២នាក់ ១-ជនរងគ្រោះ ឈ្មោះ បុល ផានុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ។ ២-ជនរងគ្រោះ ឈ្មោះ ចាន់ រតនៈ (ហៅក្រៅ ប៊ឺត) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
ពួកគេបានរៀបរាប់ថា នៅវេលាម៉ោងប្រហែ២២យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ជនរងគ្រោះបានចេញពីរោងការជិះម៉ូតូ២គ្រឿង មានគ្នា៥នាក់ (ប្រុស៤ ស្រី១) ជិះដល់មុខផ្ទះសំណាក់ភ្នំមាស ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មានគ្នា២នាក់(ជនសង្ស័យ) ជិះបញ្ច្រាសទិសគ្នា បានដេញតាមជនរងគ្រោះ យកដំបងដែក វាយទៅលើជនរងគ្រោះឈ្មោះ ចាន់ រតនៈ បណ្ដាលឲ្យបែកក្បាលដេរចំនួន៣ថ្នេរ និងឈ្មោះ បុល ផានុន ធ្លាក់ពីលើម៉ូតូ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ស្រាវជ្រាវមុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ១-ឈ្មោះ ភុំ រតនៈ (ជនដៃដល់) អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ស្ពានមានជ័យ ។ ២-ឈ្មោះ សុំ ចាន់នេត (អ្នកឌុប) អាយុ ២៣ឆ្នាំ រស់នៅសង្កាត់សុខដុម។ តាមចម្លើយសារភាព ជនដៃដល់បានឆ្លើយថា មូលហេតុគឺដោយសារខឹងនឹងជនរងគ្រោះសម្លឹងមុខ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃ២គ្រឿង និងដំបងដែកជ្រុងដែលប្រើសម្រាប់ធ្វើសកម្មភាពចំនួន ១ដើម។បច្ចុប្បន្ន(ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦) ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏បានក្រើនរំលឹកដល់យុវជនទាំងឡាយ ត្រូវបញ្ឈប់រាល់សកម្មភាពបង្កអសន្តិសុខក្នុងសង្គម បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងច្បាប់ដោយគ្មានការលើកលែងឡើយ៕
ចែករំលែកព័តមាននេះ