ខេត្តកំពត ៖ ពិតជាគួរឱ្យអាសូរខ្លាំងណាស់ បុរសជាអ្នកធ្វើសំណង់ម្នាក់ដែលជាបង្គោលក្នុងគ្រួសារ បានជួបគ្រោះថ្នាក់ធ្លាក់ពីលើផ្ទះបណ្តាលឱ្យបាក់ឆ្អឹងក ដេកនៅផ្ទះទាំងអស់សង្ឃឹម ព្រោះតែជីវភាពខ្វះខាតខ្លាំង មិនមានលទ្ធភាពបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យឡើយ ។ បុរសខាងលើឈ្មោះ ធិញ ញឿន អាយុ ៤៧ឆ្នាំ រស់នៅភូមិជ្រុងស្រឡៅ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។
ហេតុការណ៍ដែលបុរសខាងលើជួបគ្រោះថ្នាក់ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ខណៈដែលរូបគាត់កំពុងធ្វើការសំណង់ ហើយបានចៃដន្យធ្លាក់ពីលើផ្ទះកម្ពស់ ៣ម៉ែត្រ បណ្តាលឱ្យរបួសធ្ងន់ (បាក់ឆ្អឹងក) ។ បើតាមការរៀបរាប់របស់ស្ត្រីជាភរិយា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គ្រួសារគាត់មានជីវភាពខ្សត់ខ្សោយខ្លាំងណាស់ ដោយរូបគាត់មានរបរត្រឹមតែលក់នំបន្តិចបន្តួច និងដើររើសអេតចាយ ចំណែកប្ដីធ្វើសំណង់ ។ ក្រោយពេលកើតហេតុ ប្ដីរបស់គាត់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នៅភ្នំពេញ ប៉ុន្តែដោយសារតែគ្មានប្រាក់បង់ថ្លៃព្យាបាល និងការចំណាយផ្សេងៗ ក៏សម្រេចចិត្តដឹកប្ដីត្រឡប់មកផ្ទះវិញ និងដេកលេបថ្នាំ តែក្រោយមកជំងឺកាន់តែធ្ងន់ធ្ងរទៅ ហើយមិនមានប្រាក់ដឹកត្រឡប់ទៅកាន់មន្ទីរពេទ្យបាននោះទេ ។
ស្ត្រីជាភរិយាបានបន្តទាំងក្ដីអស់សង្ឃឹមថា ៖ «គ្រួសារគាត់មានប័ណ្ណក្រីក្រដែរ ប៉ុន្តែក្នុងមួយខែបើកប្រាក់បានតែ ៣ម៉ឺនរៀលប៉ុណ្ណោះ ។ ពេលនេះជំងឺប្ដីកាន់តែធ្ងន់ធ្ងរទៅៗ គាត់មិនដឹងទៅរកលុយឯណាដើម្បីដឹកប្តីទៅពេទ្យឡើយ ទោះមានបណ្ណក្រីក្រក៏ដោយ ក៏នៅតែខ្វះខាតសោហ៊ុយធ្វើដំណើរ និងការហូបចុកខ្លាំងណាស់» ។
បច្ចុប្បន្ន បុរសធ្វើសំណង់ខាងលើកំពុងដេកដង្ហោយហៅរកមេត្តាធម៌ និងជំនួយសប្បុរសធម៌ពីសំណាក់សប្បុរសជន ដើម្បីជួយសង្គ្រោះជីវិតបុរសជាបង្គោលគ្រួសាររូបនេះឱ្យមានឱកាសរស់រាន និងបន្តព្យាបាលឱ្យបានជាសះស្បើយឡើងវិញ ៕


ចែករំលែកព័តមាននេះ