យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺខ្លាញ់រុំថ្លើមបានក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភ ដែលប៉ះពាល់ដល់មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់នៅទូទាំងពិភពលោក។
មូលហេតុចម្បងមួយមកពីរបបអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃ។ ក្រុមអាហារដំបូងដែលគួរប្រុងប្រយ័ត្នគឺ ម្សៅចម្រាញ់ និងគ្រាប់ធញ្ញជាតិសម្រិត ដូចជា នំបុ័ងស និងម្សៅភីហ្សា ដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ និងបំប្លែងជាជាតិខ្លាញ់ទៅស្តុកទុកក្នុងថ្លើម។ បន្ទាប់មកគឺ អាហារពេលព្រឹកដែលមានជាតិស្ករខ្ពស់ និង ភេសជ្ជៈផ្អែមគ្រប់ប្រភេទ (ទឹកក្រូចឆ្មារ កូកាកូឡា ទឹកផ្លែឈើដប) ដែលសម្បូរទៅដោយជាតិស្ករ Fructose ធ្វើឱ្យថ្លើមធ្វើការធ្ងន់ក្នុងការបំប្លែងជាតិស្ករទាំងនោះទៅជាខ្លាញ់ ដែលអាចវិវត្តទៅជាការក្រិនថ្លើមបាន។
លើសពីនេះ អាហារកញ្ចប់ និងនំផ្អែម (ដូណាត់ ខេក នំស្រួយ) ដែលផ្ទុកជាតិខ្លាញ់មិនល្អ (Trans fats) និងសារធាតុរក្សាទុកយូរ សុទ្ធតែជាសត្រូវចម្បងដែលផ្ដល់សម្ពាធដល់ថ្លើម។ ចំពោះ សាច់ក្រហម និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់ ក៏រួមចំណែកធ្វើឱ្យមានការរលាក និងកកកុញជាតិខ្លាញ់ក្នុងថ្លើមផងដែរ។
ចុងក្រោយគឺ អាហារបំពង និងអាហាររហ័ស ដូចជា មាន់បំពង ប៊ឺហ្គ័រ និងមីកញ្ចប់ ដែលសម្បូរទៅដោយជាតិខ្លាញ់អាក្រក់ អំបិល និងស្ករ ដែលធ្វើឱ្យថ្លើមពិបាកក្នុងការបំប្លែង និងស្តុកទុកជាជាតិខ្លាញ់លើសកម្រិត។ ដើម្បីការពារថ្លើម អ្នកគួរងាកមកញ៉ាំគ្រាប់ធញ្ញជាតិមិនសម្រិត ប្រូតេអ៊ីនគ្មានខ្លាញ់ និងកាត់បន្ថយការញ៉ាំអាហារកែច្នៃទាំងនេះឱ្យបានច្រើនបំផុត៕
ចែករំលែកព័តមាននេះ