ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ទទួល​អំណោយ​ ជា​សម្ភារ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ពី​សមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា ​សម្រាប់​ចែក​ជូន​បងប្អូន​ ជនភៀសសឹក

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង ”​ព្រឹត្តិការណ៍​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ​កម្ពុជា​នៅ​តាម​ព្រំដែន​” របស់​សមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា (KBAC) នៅ​អគារ ប៊ូ​យុង​ថោ​ន សម្រាប់​ផ្តល់​ជា​អំណោយ​ជូន​ ដល់​បងប្អូន​ជនភៀសសឹក និង​វីរ​កងទ័ព​ជួរ​មុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង សមាជិកសមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា ពលករ​ខ្មែរ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ​បាន​ចូល​ជា​ធរមាន​យ៉ាងណា​ក៏​ដោយ ក៏​នៅ​មាន​ជនភៀសសឹក​រាប់​ម៉ឺន​នាក់ ដែល​រួម​មាន​ទាំង​ស្ត្រី និង​កុមារ​ផង​ដែរ នៅ​ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ​នៅឡើយ ​។ ហេតុនេះ ការ​ឧបត្ថម្ភ​ជា​ថវិកា ជា​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ ​ជូន​ដល់​បងប្អូន​ជន​រង​គ្រោះ​ ពី​ជម្លោះព្រំដែន ជា​ពិសេស ការ​បរិច្ចាគ​ឈាម​នា​ពេល​នេះ ​របស់​សមាគម គឺ​មិន​ទាន់​យឺត​ពេល​នោះ​ទេ គឺ​ចំ​ពេល​តែ​ម្តង ដែល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​មនោសញ្ចេតនា ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ និង​ការ​យកចិត្តទុកដាក់​ដល់​បងប្អូន ​ដែល​កំពុង​បន្ត​រង​ទុក្ខ​លំបាក​ពី​ការ​ ឈ្លានពាន​របស់​យោធា​ថៃ​ ។ លើស​ពី​នេះ ទឹកចិត្ត​សប្បុរស​នេះ ក៏​ជា​សាក្សី​ថ្មី​មួយទៀត​បញ្ជាក់​ថា ការ​រាប់អាន​គ្នា​នៃ​ប្រជាជាតិ​ទាំង​ពីរ​ ពិតជា​មាន​តម្លៃ​ជ្រាលជ្រៅ​ មិន​អាច​កាត់​ថ្លែ​បាន​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា អំណោយ​តិច​ក្តី ច្រើន​ក្តី​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ចែករំលែក​គ្នា​ដែល​កើត​ចេញពី​បេះដូង ហើយ​ទឹកចិត្ត​គួរ​ឱ្យ​គោរព​ស្រលាញ់ ជា​ពិសេស ការ​បរិច្ចាគ​ឈាម​ដ៏​មាន​តម្លៃ​យ៉ាង​ធំធេង​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចង​ចាំ​បន្ថែម​ទៀត​នូវ​ចិត្តសប្បុរស​របស់​កូរ៉េ​នៅ​កម្ពុជា ​។

ឯកឧត្តម ហេង សួរ ជឿជាក់​ថា បងប្អូន​ជនភៀសសឹក និង​វីរ​កងទ័ព ពិតជា​សប្បាយ​រីករាយ​ចំពោះ​អំណោយ​សប្បុរស​នេះ ហើយ​ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូច​ជា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ និង​ក្តី​ស្រឡាញ់​ដោយ​ស្មោះ​របស់​សមាជិកសមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា ព្រមទាំង​សប្បុរសជន ដែល​បន្ត​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​ជន​រង​គ្រោះ​នៅ​សមរភូមិ​មុខ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រៅពី “​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​” កម្ពុជា​ក៏​មាន ស្មារតី​បងប្អូន​កូរ៉េ​ជួយ​បងប្អូន​ខ្មែរ​ផង​ដែរ ដែល “​ឈរ​នៅ​ជាមួយ​កម្ពុជា​”​ ។

ទន្ទឹម​នឹង​នេះ លោក អ៊ី​ម អ៊ូ​ថេ​ក (Lim Woo-taek) អនុប្រធាន​សមាគម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា សមាគម​មិន​អាច​មើល​រំលង​ទុក្ខ​លំបាក​បងប្អូន​ជនភៀសសឹក​បាន​នោះ​ទេ ទើប​រៀបចំ​សកម្មភាព​សប្បុរសធម៌​នេះ​សម្រាប់​ផ្តល់​ជា​អំណោយ​ចាំបាច់​មួយ​ចំនួន​ជួយ​សម្រាលទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដួងចិត្ត​សប្បុរស​ដែល​ប្រមូលផ្តុំ​នេះ នឹង​ក្លាយជា​សារ​បញ្ជូន​ទៅ​កាន់​ជនភៀសសឹក​ថា​៖ “​បងប្អូន​មិន​ឯកា​ទេ ប្រជាជន​កូរ៉េ​នៅ​ទី​នេះ​នឹង​គាំទ្រ និង​ឈរ​នៅ​ជាមួយ​អ្នក​ទាំងអស់​គ្នា​”​។ ការ​ចែករំលែក​នេះ​នឹង​ក្លាយជា​គ្រឿង​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​កំពុង​រង​ទុក្ខ​ឱ្យ​ក្រោកឈរ​ឡើង​វិញ ហើយ​លោក​សង្ឃឹមថា​សកម្មភាព​នេះ​នឹង​ក្លាយជា​ស្ពាន​នៃ​មិត្តភាព និង​ភាព​ជឿជាក់​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា អំណោយ​សប្បុរសធម៌​ទាំងនេះ រួម​មាន​៖ ថវិកា​ចំនួន ១០ ០០០ ដុល្លារ មី​កញ្ចប់ សម្លៀក​បំពាក់ ម៉ាស់​បិទមុខ អង្ករ សា​រ៉ា​យ​សមុទ្រ និង​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​ ៕ អត្ថបទសហការ