ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា ​រួម​ទាំង​សិស្ស​-​និស្សិត៥៩៥​នាក់ ដែល​កំពុង​ស្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា​មាន​សុវត្ថិ​ភាព​​ទាំងអស់​គ្នា

55 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​រួម​ទាំង​សិស្ស​-​និស្សិត​សរុប​៥៩៥​នាក់ ដែល​កំពុង​ស្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រក្សា​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​។​ នេះ​បើ​តាម​ឯកឧត្តម ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​រួម​ទាំង​សិស្ស​-​និស្សិត​សរុប​៥៩៥​នាក់ ដែល​កំពុង​ស្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រក្សា​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​។​ នេះ​បើ​តាម​ឯកឧត្តម ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ។

ថ្លែងការណ៍​ស្តី​ពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​ ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ​និង​ថ្នាក់ដឹកនាំ​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បន្ត​តាមដាន​យកចិត្តទុកដាក់ និង​មាន​ក្តី​បារម្ភ​បំផុត​ចំពោះ​កា​រវិ​វត្ត​នៃ​សភាព​ការណ៍​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ជា​ពិសេស​លើ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​និង​សិក្សា​​នៅ​ទីនោះ​ជាប់​ជា​ប្រចាំ​។

ឯកឧត្តម​បាន​បន្ថែម​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​មជ្ឈិមបូព៌ា បាន​ទទួល​​ការ​ណែនាំ​ឱ្យ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ម្ចាស់ផ្ទះ ក៏​ដូច​ជាមួយ​តំណាង​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា ក្នុង​ការ​តាមដាន​ពី​សុខទុក្ខ និង​ឆ្លើយ​តប​សេចក្តី​ត្រូវការ​ជំនួយ​ជាយថាហេតុ ដើម្បី​ធានា​សុខ​សុវត្ថិភាព​របស់​ពួក​គេ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​៖ «​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ថ្មី​ៗ​នេះ ប្រជា​ពលរដ្ឋ​កម្ពុជា​រួម​ទាំង​សិស្ស​-​និស្សិត​សរុប​៥៩៥​នាក់ ដែល​កំពុង​ស្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រក្សា​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​» ។

ឯកឧត្តម​ក៏​បាន​បញ្ជាក់​ថា ជា​ថ្មី​ម្តងទៀត រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស អំពាវ​នាវ​ដល់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​សិស្ស​-​និស្សិត ដែល​កំពុង​ស្នាក់​នៅ និង​សិក្សា​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា រួម​មាន ៖ ដូច​ជា អ៊ី​ស្រា​អែ​ល កា​តា គុយ​វ៉ែត អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​ប្រទេស​បា​រ៉ែ​ន បន្ត​គោរព​តាម​ការ​ណែនាំ​របស់​ប្រទេស​ម្ចាស់ផ្ទះ​អំពី​កិច្ច​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ក្នុង​ករណី​ត្រូវការ​ជំនួយ​ផ្នែក​កុងស៊ុល ឬ​ព័ត៌មាន​នានា សូម​ទាក់ទង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឬ​ស្ថានទូត​កម្ពុជា តាម​ទូរស័ព្ទ ដូច​ខាងក្រោម​៖
១. ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ (​នាយកដ្ឋាន​កុងស៊ុល​) + 855 12 652 497 ឬ 087 999 988
២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី​យ៉េ + 90 534 459 9689
៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​គុយ​វ៉ែត + 965 960 58678
៤. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប + 20 115 627 9999៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ