ខេត្តព្រៃវែង ៖ ប្រជាកសិករប្រមាណជាង 50 គ្រួសារនៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែកខេត្តព្រៃវែង បាននាំគ្នាចាប់យកមុខរបរចិញ្ចឹមកណ្ដូប ធ្វើជាមុខរបរទី 2 បន្ទាប់ពីធ្វើស្រែ ដោយសារតែមុខរបរនេះ ផ្ដល់ប្រាក់ចំណូលបានលឿន ហើយងាយស្រួលធ្វើ។
ប្រជាកសិករទាំងនោះបានឲ្យដឹងថា បន្ទាប់ពីប្រមូលផលស្រូវរួច ពួកគាត់ត្រូវទំនេរគ្មានការងារធ្វើ គ្មានប្រាក់ចំណូលទេ។ ប៉ុន្មានខែមុននេះ មានអ្នកភូមិម្នាក់ បានទៅរៀនពីបច្ចេកទេសចិញ្ចឹមកណ្ដូប ពីបងប្អូនរបស់គាត់នៅស្រុកផ្សេង ហើយមកសាកល្បងចិញ្ចឹមនៅផ្ទះ ក្រោយមកឃើញថាបានផល ទើបពង្រីកការចិញ្ចឹមកាន់តែធំ។
ចំណែកអ្នកភូមិដែលនៅក្បែរៗគ្នា ឃើញគាត់ចិញ្ចឹមបានផល បានចំណូលច្រើន ក៏នាំគ្នាសាកល្បងចិញ្ចឹមតាម ហើយក៏ចេះតែបានផលដូចៗគ្នា ទើបផ្អើលអ្នកភូមិក្នុងឃុំជាងដែកទាំងមូល នាំគ្នាចិញ្ចឹមកាន់តែច្រើន ដែលរហូតមកដល់ពេលនេះមានចំនួនជាង 50 គ្រួសារហើយ។
កសិករទាំងនោះបានបន្តថា ការចិញ្ចឹមសត្វកណ្ដូបមានភាពងាយស្រួលណាស់ គឺយើងចិញ្ចឹមនៅក្នុងបរិវេណផ្ទះតែម្ដង ដោយគ្រាន់តែធ្វើទ្រង់និងព័ទ្ធស្បៃមុងជុំវិញឲ្យជិតកុំឲ្យសត្វចូលបានជាការស្រេច ចំណែកចំណីកណ្ដូបក៏ងាយ ស្រួលរកដែរ គឺវាស៊ីតែដើមអំពៅ ស្លឹកអំពៅ និង ស្លឹកចេកប៉ុណ្ណោះ ហើយយើងប្រើរយៈពេលត្រឹមតែ១ខែ១០ថ្ងៃ គឺអាចប្រមូលផលបានហើយ ដោយមានឈ្មួញកណ្ដាលក្នុងភូមិមកប្រមូលទិញដល់ផ្ទះ។
ដោយឡែកបងស្រី អ៊ក់ ភួន ជាឈ្មួញកណ្ដាលដែលដើរប្រមូលទិញកណ្ដូបពីអ្នកភូមិបានឱ្យដឹងថា កណ្ដូប១គីឡូគាត់ទិញតម្លៃ ១៧០០០រៀល ទៅ ១៨០០០ រៀល ហើយគាត់លក់ទៅឱ្យម៉ូយនៅលើទីផ្សារ បានតម្លៃ ៣ ម៉ឺនរៀលក្នុង ១គីឡូ ប៉ុន្តែមុនលក់គាត់ត្រូវជួលគេឲ្យបកស្លាបកណ្ដូបចេញឲ្យស្អាត ទើបម៉ូយគេទទួលទិញ ហើយក្នុងមួយថ្ងៃគាត់ប្រមូលទិញពីកសិករអ្នកចិញ្ចឹមបានក្នុងចន្លោះពី ២០០ ទៅ ៣០០គីឡូ ៕





ចែករំលែកព័តមាននេះ