រាជធានីភ្នំពេញ ៖ អគ្គនាយក CMAC ជួបពិភាក្សាការងារជាមួយ JICA និងតំណាងស្ថានទូតជប៉ុនលើកិច្ចសហប្រតិបត្តិការសាងសង់អគារសន្តិភាពរាងគ្រាប់មីនធំជាងគេលើលោក ។
ជាក់ស្តែងបើយោងតាមផេកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានប្រកាសនាព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២៦ នេះថា ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការ CMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានទទួលជួបពិភាក្សាការងារជាមួយលោក Mr. SANUI KAZUMASAប្រធានទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា និងលោក Yushihiro ABE ព្រមទាំងលោក Kento Hijikawa តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការី ។

ការពិភាក្សាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងការទទួលយកនូវសំណង់អគារជំនួយរបស់រដ្ឋាភិបាលជប៉ុន ជាពិសេសអគារសន្តិភាពដែលមានរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក ដែលជាតំណាងនៃការប្តេជ្ញាចិត្តនៃរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២ ក្នុងការអនុវត្តដោយម៉ឺងម៉ាត់នៃអនុសញ្ញាអន្តរជាតិអូតាវ៉ា ទន្ទឹមនឹងនេះអគារនេះ ក៏ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យមីន និងផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ ។
សូមបញ្ជាក់ថា អង្គភាព CMAC ប្តេជ្ញាខិតខំរៀបចំសារមន្ទីរនេះ ស្របតាមគោលដៅរបស់គម្រោងដោយលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌សន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពល្អ ៕
ចែករំលែកព័តមាននេះ